|

អបអរសាទរ! បេក្ខជនសរុប ៣ ០២៤ នាក់ ជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ


ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ បានបញ្ចប់ដោយរលូន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ គណៈកម្មការប្រឡងប្រជែង បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថោយជ្រើសរើសបានបេក្ខជនចំនួន ៣ ០២៤នាក់ជាប់ជាស្ថាពរ ក្នុងចំណោមបេក្ខជនប្រឡងជិត៩ពាន់នាក់។

ក្នុងចំណោមបេក្ខជនជាប់ជាង៣ពាន់នាក់នេះ មានខេត្តព្រៃវែងចំនួន ៨៩៣នាក់ ខេត្តត្បូងឃ្មុំចំនួន ៦១០នាក់ ខេត្តកំពង់ចាមចំនួន ៥១៣នាក ខេត្តបាត់ដំបងចំនួន ៥៧៩នាក់ និងខេត្តតាកែវចំនួន ៤២៩នាក់។

គួរបញ្ជាក់ថា សកម្មភាពការអនុវត្តគ្រប់ដំណាក់កាល ទាំងក្នុងដំណើរការប្រឡង ទាំងក្នុងដំណើរការកំណែ បានឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរួមគ្នារបស់គណៈកម្មការប្រឡងប្រជែង និងតំណាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំការប្រឡងប្រជែងដែលឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអនុលោមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡង (SOP) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសអភិក្រមរបស់សម្តេចមហាបវរធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។