ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការពិតរបស់កីឡាមិនគួរត្រូវបានកំណត់ត្រឹមតែការបំបែកកំណត់ត្រា និងការឈ្នះមេដាយនោះទេ ប៉ុន្តែតម្លៃពិតប្រាកដនោះគឺការខិតខំប្រឹងប្រែងតស៊ូជម្នះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ឯកឧត្តម ហង់ជួន ណារ៉ុន៖ ការពិតរបស់កីឡាមិនគួរត្រូវបានកំណត់ត្រឹមតែការបំបែកកំណត់ត្រា និងការឈ្នះមេដាយនោះទេ ប៉ុន្តែតម្លៃពិតប្រាកដនោះគឺការខិតខំប្រឹងប្រែងតស៊ូជម្នះ
ទីក្រុងប៉ារីស៖ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) ក្នុងឱកាស ដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទ លើកទី១០ និងខួបទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅ UNESCO Headquarters ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងមានការចូលរួមពីសំណាក់រដ្ឋភាគីដែលមកពី អឺរ៉ុប និងអាស៊ី ចំនួន ៦០ប្រទេស ដែលក្នុងនោះមានអ្នកចូលរួមប្រមាណ ៣០០នាក់ និងរដ្ឋមន្ត្រីនៃរដ្ឋភាគីពាក់ព័ន្ធប្រមាណ ៣០នាក់។

ជាផ្នែកមួយនៃរបៀបវារៈសន្និសីទលើកទី១០ និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) បានតំណាងកម្ពុជា ថ្លែងសុន្ទរកថា ស្តីពី ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា និងបានចូលរួមអបអរសាទរ ប្រធានគណៈកម្មាធិការអនុម័តមូលនិធិសម្រាប់ការលុបបំបាត់ការប្រើសារធាតុហាមឃាត់ក្នុងកីឡា ដែលទើបត្រូវបានជ្រើសតាំងថ្មី។
ដោយឡែក ឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចពីសារៈសំខាន់នៃការប្រារព្ធខួបលើកទី២០ នៃអនុសញ្ញាប្រឆាំងការប្រើសារធាតុហាមឃាត់ ដែល ជាឱកាសឆ្លុះបញ្ចាំងពីវឌ្ឍនភាពរយៈពេលពីរទសវត្សរ៍នៃកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការការពារគុណតម្លៃ សីលធម៌ និងសុចរិតភាពក្នុងវិស័យកីឡា ដោយបានបញ្ជាក់ថា ខ្លឹមសារពិតរបស់កីឡាមិនគួរត្រូវបានកំណត់ត្រឹមតែការបំបែកកំណត់ត្រា និងការឈ្នះមេដាយនោះទេ ប៉ុន្តែត្រូវកំណត់ដោយការលើកតម្កើងគោលការណ៍ និងតម្លៃពិតប្រាកដនៃការខិតខំប្រឹងប្រែងតស៊ូជម្នះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅឆ្នាំ ២០០៧មក រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានា ដើម្បីពង្រឹងស្ថាប័នជាតិប្រឆាំងសារធាតុហាមឃាត់ (CADA) បង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ លើកកម្ពស់ការយល់ដឹង និងអប់រំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អំពីគ្រោះថ្នាក់នៃការប្រើសារធាតុហាមឃាត់។
ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាប្រទេសភាគី កម្ពុជាបានគាំទ្រលើលក្ខន្តិកៈ WADA ឆ្នាំ២០២៧ ដែលត្រូវបានកែសម្រួល ក៏ដូចជាយន្តការដែលបានស្នើឡើងថ្មីនៃប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល និងប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ដោយខិតខំឆ្ពោះទៅរកការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Play True) និងសូមថ្លែងអំណរគុណដល់អង្គការ SEARADO, WADA និងទីភ្នាក់ងារតេស្តអន្តរជាតិ (ITA) ចំពោះការគាំទ្រប្រកបដោយការយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័នជាតិ CADA របស់កម្ពុជា ដើម្បីបំពេញកាតព្វកិច្ចអនុលោមតាមស្តង់ដាអន្តរជាតិ៕
ប្រភព៖ MoEYS


















