ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ បញ្ញាសិប្បនិម្មិតនឹងក្លាយជាតម្លៃបន្ថែមក្នុងការពង្រឹងសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហា


នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរដល់វិទ្យាស្ថានជាតិអប់រំ សាលាគរុកោសល្យរាជធានីភ្នំពេញ សាលាគរុកោសល្យបាត់ដំបង និងសាលាជំនាន់ថ្មី ដែលបានច្នៃប្រឌិតនវានុវត្តន៍ក្នុងការបង្រៀន និងការសិក្សា ដោយធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI)។ ការច្នៃប្រឌិតទាំងនេះ ត្រូវបានគេសង្កេតថាជាកាតាលីករដ៏សំខាន់ ក្នុងការបន្ថែមល្បឿនបរិវត្តកម្មឌីជីថល និងការចូលរួមប្រព័ន្ធអប់រំកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

យ៉ាងណាមិញក្នុងបរិបទបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើន ឯកឧត្តមបានលើកឡើងថា បញ្ញាសិប្បនិម្មិតនឹងក្លាយជាឧបករណ៍បន្ថែមក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងដោះស្រាយបញ្ហា ដោយក្រសួងកំពុងលើកទឹកចិត្តឱ្យគ្រូ និងសិស្ស មានចំណេះដឹងប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវ។

ឯកឧត្តមក៏បានបានណែនាំទៅដល់សិស្សានុសិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋ គប្បីកាន់តែមានកតញ្ញុតា និងគោរពដល់គ្រូ ដើម្បីធ្វើឱ្យទិវាគ្រូបង្រៀនក្លាយជាទិវាដឹងគុណគូស្ថិតនៅជាអមតៈក្នុងបេះដូងជនរួមជាតិ ព្រមទាំងអំពាវនាវឪពុកម្តាយ និងអាណាព្យាបាល ចូលរួមកសាងកូនចៅឲ្យមានគុណធម៌ ចរិយាល្អ និងដឹងគុណគ្រូ។ ដោយឡែកឯកឧត្តមក៏បានបញ្ជាក់ថា ការខិតខំប្រឹងប្រែង និងការលះបង់របស់គ្រូបង្រៀនគ្រប់រូប គឺជាថាមពលសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សឲ្យក្លាយជាពលរដ្ឋល្អ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យរុងរឿង។

ប្រភព៖ MoEYS