|

សិស្សនិទ្ទេសA ទាំង ៧៩នាក់ប្រចាំខេត្តកំពង់ស្ពឺបានទទួលកុំព្យូទ័រយួរដៃពី ឯកឧត្តម ហ៊ុន ម៉ានី


នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់ប្អូនៗសិស្សនិទ្ទេសA ចំនួន ៧៩នាក់ក្នុងខេត្តកំពង់ស្ពឺ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តដែលបានចូលរួមបង្រៀនវគ្គបំប៉នប្រឡងថ្នាក់ទី១២ ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រព បណ្ណាល័យកំពង់ស្ពឺ។ អញ្ជើញមានវត្តមានក្នុងអង្គពិធីរួមមាន ឯកឧត្តមអ្នកតំណាងរាស្រ្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាល អភិបាលខេត្ត ប្រធានស.ស.យ.ក. ខេត្ត និងក្រុង/ស្រុកទាំង៩ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ២៣០ នាក់។

ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលតែងគិតគូរដល់ប្អូនជាសិស្សានុសិស្សក្នុងខេត្តកំពង់ស្ពឺ ទាំងក្នុងដំណាក់កាលត្រៀមប្រឡង តាមរយៈការរៀបចំវគ្គបំប៉ន សម្រាប់ប្អូនៗរៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាជោគជ័យរបស់ប្អូនពិតជាមិនអាចកាត់ចេញពីឯកឧត្តម ហ៊ុន ម៉ានីបានទេ។

ជាមួយនិងការចូលរួមអបអរសាទរចំពោះលទ្ធផលគាប់ប្រសើររបស់ក្មួយៗ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នេះក៏ជាការលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយេីងផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញេីឱ្យក្មួយៗដឹងគុណដល់ ឪពុកម្តាយ ដែលបានជួយទំនុកបម្រុងក្នុងការរៀនសូត្រ និងលោកគ្រូអ្នកគ្រូចំពោះការណែនាំ បង្ហាត់បង្រៀន ទើបខ្លួនមានឱកាសទទួលបានជោគជ័យដូចពេលនេះ។ ហេីយជាចុងក្រោយ លោកបានស្នេីសុំថា ក្រោយពេលក្មួយៗទទួលបានជោគជ័យហេីយ កុំភ្លេចត្រឡប់មកចែករំលែកទៅកាន់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយបន្ថែមទៀត។

សូមបញ្ជាក់ថាសិស្សដែលទទួលបាននិទ្ទេសAក៏ទទួលបានកុំព្យូទ័រយួរដៃពីឯកឧត្តម ហ៊ុន ម៉ានី ម្នាក់មួយគ្រឿង។ ចាប់ផ្តើមពីឆ្នាំនេះផងដែរ ឯកឧត្តមបានប្រកាសថាវិទ្យាល័យដែលអត្រាសិស្សជាប់ខ្ពស់ជាងគេទាំងប្រាំនឹងទទួលបានថវិកា ចំនួន ១០លានរៀល អត្រាជាប់ចាប់ពី៩០%ឡេីង ទទួលបាន ៥លាន រៀល ពី ៨០% ដល់ ៨៩.៩៩% ៣លាន រៀល និងវិទ្យាល័យដែលមានអត្រាជាប់កៀក៨០% ក៏នឹងទទួលបានថវិកាចំនួន ២លានរៀលផងដែរ។ ដោយឡែកចាប់ពីឆ្នាំបន្ទាប់តទៅ សិស្សនិទ្ទេស លំដាប់ខ្ពស់ជាងគេ ៣នាក់ដំបូងនឹងទទួលបានមធ្យោបាយធ្វេីដំណេីរម្នាក់ ១គ្រឿងផងដែរ។