«ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងថ្មី បានពិភាក្សាលើការពង្រឹងទំនាក់ទំនងកម្ពុជា–បារាំង និងជំរុញដោះស្រាយជម្លោះតាមព្រំដែនកម្ពុជា–ថៃ ដោយវិធីសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ»
នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយ៉េ រីឆាដ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ឯកឧត្តមប្រធានាធិបតីបារំាង ក៏ដូជាពលរដ្ឋបារំាង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លានពានបានកើតមានឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រធានាធិបតីបារំាង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ ដោយសង្ឃឹមថា ជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេ ភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត។

បញ្ហាព្រំដែនកម្ពុជា-ថៃមិនមែនជារឿងថ្មីទេ។ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃ បដិសេធ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និង អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថៃប្រើប្រាស់ផែនទីឯកតោភាគី។ សម្តេចបានគូសបញ្ជា្កក់ថា កម្ពុជាប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាងជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនរបស់យើងទៅជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្រ្គាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសមង្ឃឹមថាជម្លោះនេះ នឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជានឹងបង្ហាញពីឱកាសពិសេសមួយក្នុងការលើកកម្ពស់ភាពជាដៃគូរបស់យើងបន្ថែមទៀត និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចបានកត់សម្គាល់ថាថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ នាពេលកន្លងមក ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅបារំាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបំពេញទស្សនកិច្ចនៅបារំាង ហើយសម្តេចប្រធានរដ្ឋសភាផ្ទាល់ ក៏បានបំពេញទស្សនកិច្ចនៅបារំាងកាលពីឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី បានបន្តថា រដ្ឋសភាកម្ពុជា និងបារំាងបានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នា។ តាមរយៈអនុស្សរណៈនោះ រដ្ឋសភាបារាំងបានគំាទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជា ជាសភាឌីជីថល និងបានផ្តល់ឱកាសជូនថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្លាស់ប្តូរបទពិសោធន៍ការងារ រយៈពេលខ្លីនៅរដ្ឋសភាបារំាង ផងដែរ។
ដោយឡែកសម្តេចប្រធានរដ្ឋសភាកម្ពុជាបានស្នើជូន ឯកឧត្តមឯកអគ្គរដ្ឋទូតបារំាង ជំរុញការវិនិយោគពីបារំាងមកកម្ពុជាឱ្យបានច្រើន ដូចជាការបង្កើតឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ឡើងវិញ ជំរុញការវិនិយោគវិស័យសុខាភិបាល និងបង្កើនការផ្តល់អាហារូបករណ៍ដើម្បីសិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅបារំាងផងដែរ៕
ប្រភព៖ រដ្ឋសភាកម្ពុជា

















