|

រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឱ្យអង្គភាពនីមួយៗត្រូវត្រៀមថវិកាបម្រុងដើម្បីចូលរួមចំណែកជួយដល់ខេត្ត ឬតំបន់ដែលរងផលប៉ះពាល់


នេះជាអនុសាសន៍ ១ ក្នុងចំណោមអនុសាសន៍ចំនួន ៥ ចំណុច ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងសម្រួចសកម្មភាពអាទិភាពក្នុងគម្រោងនិងក្រៅគម្រោង ដើម្បីបញ្ចូលទៅក្នុងគម្រោងកញ្ចប់ថវិកាឆ្នាំ២០២៦ មុននឹងចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងលើគម្រោងផែនការ ចំណូល-ចំណាយថវិកាឆ្នាំ២០២៦ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលើ គោលការណ៍នៃការគ្រោងថវិកាឆ្នាំ២០២៦, ស្ថានភាពគម្រោងថវិកាឆ្នាំ២០២៦ ក្រោយកិច្ចប្រជុំកម្រិតបច្ចេកទេស, គម្រោងថវិកាព្យួរក្នុងគម្រោង និងក្រៅគម្រោង និងសកម្មភាពអនុវត្តសូចនាករស្នូលនៃគម្រោងនានា។

ដើម្បីជំរុញប្រសិទ្ធភាព និងជាមូលដ្ឋានក្នុងការអនុវត្តការងារបន្ត ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់ជាអនុសាសន៍ ដូចជា៖ ១) ត្រូវពិនិត្យ ថ្លឹងថ្លែង កំណត់ឱ្យបានច្បាស់នូវអាទិភាពថវិកា និងរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ២) ត្រួតពិនិត្យផ្ទៃក្នុងឡើងវិញដោយផ្តោតលើសកម្មភាពចាំបាច់ដែលត្រូវតែអនុវត្តដើម្បីគាំទ្រដល់ការអប់រំ កម្មវិធីយុវជន និងកីឡា ៣) ត្រៀមកញ្ចប់ថវិកាដើម្បីគាំទ្រដល់ដំណើការសាលារៀននៅតាមព្រំដែនឡើងវិញ ៤) អង្គភាពនីមួយៗត្រូវត្រៀមថវិកាបម្រុងដើម្បីចូលរួមចំណែកជួយដល់ខេត្ត ឬតំបន់ដែលរងផលប៉ះពាល់ និង ៥) សូមរៀបចំរបាយការណ៍បង្ហាញពីការខិតខំប្រឹងប្រែងដើម្បីសម្រេចបានសូចនាករសំខាន់ៗ និងរបាយការណ៍សមិទ្ធផលក្នុងវិស័យអប់រំនាពេលកន្លងមក៕