ឯកឧត្តម ហ៊ុន ម៉ានី៖ «ជោគជ័យរបស់ប្អូនៗមិនមែនជារឿងដាច់ដោយឡែកពីរឿងប្រទេសជាតិនោះទេ ដូច្នេះសូមផ្ដល់តម្លៃដល់ប្រទេសជាតិឱ្យបានច្រើន»
នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីចែកសញ្ញាបត្រដល់សិស្ស-និស្សិតជ័យលាភីលើកទី៦ ប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា» នៅបរិវេណវិទ្យាស្ថានជាតិអប់រំ។ ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ឯកឧត្តម លោកជំទាវព្រឹទ្ធបុរសរង ព្រឹទ្ធបុរស ព្រឹទ្ធនារី សាស្ត្រាចារ្យ រួមទាំងអាណាព្យាបាល និងសិស្ស និស្សិត ជាច្រើនរូប។
មានមតិទៅកាន់អង្គពិធី លោកតា បណ្ឌិត កុល ផេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីដ៏មានអត្ថន័យនាឱកាសនេះ ព្រមទាំងបានលើកសរសើរថាឯកឧត្តម ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំដែលមានគុណធម៌ប្រសើរកម្ររកបានក្នុងចំណោមមគ្គុទេសក៍កម្ពុជា។ ជាមួយគ្នានេះ ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក៏បានលើកឡើងពីការចូលរួមចំណែករបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យអប់រំ ដែលជាគន្លឹះសម្រាប់ពង្រឹង សន្តិភាព និងអភិវឌ្ឍន៍ជាតិ។

ថ្លែងប្រសាសន៍ក្នុងពិធីនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្ដែងកោតសរសើរថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិកអប់រំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រដែលបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធិផលជាច្រើនក្នុងវិស័យអប់រំ ព្រមទាំងបានអបអរសាទរចំពោះសមណៈនិស្សិត និងនិស្សិតទាំង ១៣១៩នាក់ ដែលបានបញ្ចប់ការសក្សាដោយជោគជ័យនាឱកាសនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា សញ្ញាបត្រថ្ងៃនេះ មានអត្ថន័យសំខាន់លើសពីក្រដាសមួយសន្លឹក ប៉ុន្តែជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ប្អូនៗនិស្សិត ក្នុងការកសាងអនាគតល្អសម្រាប់ខ្លួនឯង ជាមោទនភាពសម្រាប់ក្រុមគ្រួសារ និងជាធនធានល្អសម្រាប់សង្គមជាតិ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា «ជោគជ័យរបស់ប្អូនៗមិនមែនជារឿងដាច់ដោយឡែកពីរឿងប្រទេសជាតិនោះទេ ដូច្នេះសូមផ្ដល់តម្លៃដល់ប្រទេសជាតិឱ្យបានច្រើន»។ បន្ថែមពីនេះ ការផ្ដល់តម្លៃដល់ប្រទេសជាតិ គឺការស្វែងយល់ វែកញែកថាកម្ពុជាបានឆ្លងកាត់អ្វីមកខ្លះ នោះប្អូនៗនឹងយល់ពីហេតុផល និងអ្វីដែលជាគុណតម្លៃរបស់ជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សមណៈនិស្សិត និងនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីសម្របខ្លួនទៅនឹងសង្គមកម្ពុជាដែលពោរពេញដោយឱកាស៕


















