|

កិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ


កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទិ២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 បានចាប់ផ្ដើមជាផ្លូវការ នៅលើទឹកដីសៀមរាបអង្គរ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នឹងមានការចូលរួមពីគណៈប្រតិភូចំនួន៣៧ប្រទេស ដោយមានប្រធានបទចំនួន៧ បានដំណើរការក្នុងពេលតែមួយ ប៉ុន្តែកិច្ចពិភាក្សានៃប្រធានបទទាំង៧ បានចាប់ផ្តើមដំណើរការរៀងខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន មុនចាប់ផ្ដើមកម្មវិធី ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មានប្រសាសន៍ថា សម្រាប់ប្រធានបទទាំង៧ នឹងធ្វើបទបង្ហាញពីការវិវឌ្ឍន៍យុគសម័យឌីជីថល បញ្ញាសិប្បនិមិត្ត ជាពិសេសពាក់ព័ន្ធនឹងយុវជន និងស្ដ្រីក្នុងវិស័យព័ត៌មាន ឌីជីថល និងអេអាយ ដោយមានវាគ្មឹនមកពីតាមតំបន់សំខាន់ៗ ជាពិសេស មកពីសម្ព័ន្ធភាពដែលជាដៃគូរអង្គការ AIDB។

ឯកឧត្ដម កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា តាមរយៈការផ្តួចផ្តើមគំនិត ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជាយើងនឹងអង្គុយជាមួយអ្នកឯកទេសទាំងអស់ ដើម្បីរកវិធីនៃកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មួយវិញទៀត កម្ពុជានឹងប្រើប្រាស់មធ្យោបាយការទូតព័ត៌មាន ដោយយើងនឹងប្រើប្រាស់ទំនាក់ទំនងអន្តរជាតិលើគ្រប់វិស័យ ទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិស័យនយោបាយការទូត តាមរយៈព័ត៌មាន ដើម្បីធ្វើយ៉ាងណាយើងរួមគ្នា លើកតម្កើង លើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាសំខាន់។ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយើង ត្រូវតែមានលក្ខណៈសម្បត្តិជាមុន ដោយក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ អ្នកជំនាញការបានផ្តល់នូវបទពិសោធន៍ទាំងនេះដល់ប្រព័ន្ធផ្សព្វផ្សាយ គ្រប់វេទិកានៃអង្គសិក្ខាសាលាជំនាញទាំង៧ សុទ្ធតែមានតំណាងវិស័យព័ត៌មានកម្ពុជាចូលរួម។

ឯកឧត្ដម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បើពិនិត្យទៅលើបណ្តាប្រទេសក្នុងតំបន់ គឺកម្ពុជា ជាប្រទេសមួយដែលមានភាពសកម្ម ក្នុងនេះតំណាងក្រសួងព័ត៌មានរបស់យើង មានសមត្ថភាព មានគំនិត ក៏ដូចជាមានយោបល់ ចូលរួមកិច្ចប្រជុំ ដោយភាពសកម្មបំផុត។ ក្រៅពីនេះ កម្ពុជាបច្ចុប្បន្នគេមើលឃើញមិនដូចអតីតកាលទេ ដោយកម្ពុជាសម័យតេជោ កម្ពុជាសម័យធិបតី កម្ពុជា ជាប្រទេសមួយរីកលូតលាស់ មានការរីកចម្រើន ហើយធនធានមនុស្សក៏មានការកើនឡើង សមត្ថភាពមន្រ្តីរបស់យើង ក៏កាន់តែខ្ពស់។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០-២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅលើទឹកដីសៀមរាបអង្គរ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីគណៈប្រតិភូ និងបណ្ដារដ្ឋមន្រី្តមកពី ៣៧ប្រទេស ដែលនឹងផ្ដោតលើការពង្រឹងក្របខ័ណ្ឌនៃការទូតព័ត៌មាន៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប