| |

កម្ពុជាបង្ហាញពីជំហររបស់ខ្លួនទៅកាន់អាមេរិកថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាមេរិក!


ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអញ្ជើញជាសហធិបតីក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសជាតិយើងទាំងពីរបានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អិតរមួត ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។ ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវទឹកចិត្តអរគុណដ៏ស្មោះស្ម័គ្រ ចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូរអង្វែងរបស់សហរដ្ឋអាម៉េរិក។ ជាពិសេស ឯកឧត្តមបានសម្តែងនូវការកោតសើរជូនចំពោះ លោកស្រីភារធារី ព្រមទាំងសហការីទាំងអស់នៅស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិអាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតអំពីការនឿយហត់លើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងាររបស់ពួកគាត់គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀត៕