|

ថវិកា 21 លាន 2 សែនរៀលទទួលបានពីការប្រកួតកីឡាវាយសីសប្បុរសធម៌ ដើម្បីជួយដល់កុមារមានតម្រូវការពិសេស (អូទីស្សឹម) និងមូលនិធិគន្ធបុប្ផាកម្ពុជា


កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ការប្រកួតកីឡាវាយសីសប្បុរសធម៌ដើម្បីក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា ដែលគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសហភាពសហព័ន្ធយុវជនកម្ពុជា (រាជធានីភ្នំពេញ) បានបញ្ចប់ទៅដោយទទួលបានថវិកាសប្បុរសធម៌សរុបចំនួន  21 លាន 2 សែនរៀល  ដើម្បីគាំទ្រដល់កុមារដែលមានតម្រូវការពិសេស (អូទីស្សឹម) នៅសាលារៀនទន្សាយ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីកីឡាករកីឡាការិនីចំនួនប្រមាណ 160 នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក និយ័តករធានារ៉ាប់រងកម្ពុជា។ ក្រៅពីថវិកាសប្បុរសធម៌ដែលបានមកពីការចុះឈ្មោះប្រកួត ក៏មានការចូលរួមបរិច្ចាគដោយផ្ទាល់ពីស្ថាប័ន និងសប្បុរសជននានាផងដែរ មានដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ក្រុមវាយសីខ្លាឃ្មុំទឹកកក ពានវាយសីយុត្តិធម៌ជាដើម។


កម្មវិធីនេះត្រូវបានរៀបចំឡើងដោយហាងលក់សម្ភារៈកីឡាវាយសី ផ្លេ (Play Badminton) ដោយសហការជាមួយតារាងវាយសី Chroy Changvar ក្រោមការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សហភាពសហព័ន្ធយុវជនកម្ពុជា (រាជធានីភ្នំពេញ) និង ការសហការគាំទ្រពីក្រុមហ៊ុន Victor Daizu ខេមបូឌា ប្រព័ន្ធផ្សព្វផ្សាយ Brand Bodia Kiri Post AMS Sport និង PNN។
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយ ដែលបាន គាំទ្រដល់កុមារមានតម្រូវការពិសេស (អូទីស្សឹម) ព្រោះកម្មវិធីនេះបានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹង គោលដៅរបស់ មេនូឡាយហ្វ៍ គឺ ការគាំទ្រឪពុកម្ដាយនៅកម្ពុជាដែលមានកូនមានតម្រូវការពិសេស តាមរយៈការលើកកម្ពស់ការយល់ដឹង (raise awareness) ការអប់រំ (education) និងការការពារហិរញ្ញវត្ថុ (Inclusive Insurance)។”


លោក តារា សៅយុទ្ធនា ស្ថាបនិកហាងលក់សម្ភារៈកីឡាវាយសី ផ្លេ (Play Badminton) ដែលជាដៃគូសហការរៀបចំការប្រកួតបានបន្ថែមថា៖  «យើងខ្ញុំសូមអរគុណដល់ដៃគូសហការ និងអ្នកគាំទ្រទាំងអស់ ជាពិសេសកីឡាករ កីឡាការិនីដែលបានចូលរួមយ៉ាងសកម្មដើម្បីឲ្យដំណើរការនៃកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនតាំងពីដើមរហូតដល់ចប់។ ខ្ញុំមានមោទកភាពខ្លាំងណាស់ពេលដែលឃើញអ្នកលេងកីឡាវាយសីនេះអាចយកកីឡានេះដើម្បីសុខភាព បង្កើតមិត្តភាព និងជួយដល់សង្គមតាមរយៈការគាំទ្រដល់កុមារដែលមានតម្រូវការពិសេស (អូទីស្សឹម) នៅសាលារៀនទន្សាយ និងមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងខ្ញុំប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងបង្កើតនូវឱកាសកាន់តែច្រើនដើម្បីឱ្យយុវជន និងប្រជាជនកម្ពុជាដែលស្នេហាកីឡាវាយសីអាចយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខភាព មិត្តភាព និងការរួមចំណែកកាន់តែសកម្មក្នុងសង្គម។»


ជ័យលាភីចំណាត់ថ្នាក់ទាំង ៣ បានទៅលើ៖
ជ័យលាភីលេខ១៖ កីឡាករ វុឌ្ឃ សំណាង និងកីឡាករ សុខ ចាន់ថន
ជ័យលាភីលេខ២៖ កីឡាករ សុវត្ថិ បញ្ញារិទ្ធិ និងកីឡាករ ហេង វិសិដ្ឋ
ជ័យលាភីលេខ៣៖ កិឡាករ លីន បញ្ញា និងកីឡាករ សោម ពេជ្រដូល្លា