|

រដ្ឋ នឹងចាប់ផ្ដើមអនុវត្តវិធានការទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់នាំទៅអាម៉េរិក ចាប់ពីពាក់កណ្ដាលខែឧសភាតទៅហើយ


ក្រសួងពាណិជ្ជកមកមកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងរបស់ ស្តីពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

សេចក្ដីជូនដំណឹងនេះ ជាការប្រកាសអន្តរក្រសួងស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

ប្រកាសទាំងពីរនេះ មានគោលបំណងបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ផលិតករ និងអ្នកនាំចេញ មិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ។