ថៃ ចេញប្រតិបត្តិការ និងសង្គ្រោះមនុស្ស ២៦០ នាក់ ដែលជាជនរងគ្រោះនៃការជួញដូរមនុស្សនៅព្រំដែនមីយ៉ាន់ម៉ា


ប្រទេសថៃបានធ្វើមាតុភូមិនិវត្តន៍អ្នករស់រានមានជីវិតពីការជួញដូរមនុស្សចំនួន ២៦០ នាក់ពីប្រទេសមីយ៉ាន់ម៉ា ដោយជាងពាក់កណ្តាលត្រូវបានកំណត់ថាជាជនជាតិអេត្យូពី។
ប្រតិបត្តិការទ្រង់ទ្រាយធំនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដែលកំពុងកើនឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ និងបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត។

ក្រុមឧក្រិដ្ឋជនបានជួញដូរមនុស្សរាប់ពាន់នាក់នៅទូទាំងអាស៊ីអាគ្នេយ៍។ មនុស្សត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការក្លែងបន្លំតាមអ៊ីនធឺណិត ដោយសកម្មភាពឆបោកនេះបង្កើតបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនេះបើតាមអង្គការសហប្រជាជាតិ។

បណ្តាញទាំងនេះដំណើរការដោយនិទណ្ឌភាពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយកេងប្រវ័ញ្ចពលករដែលងាយរងគ្រោះតាមរយៈការបោកប្រាស់ និងការបង្ខិតបង្ខំ។
អាជ្ញាធរថៃបានបង្កើនការបង្ក្រាបរបស់ខ្លួនបន្ទាប់ពីការចាប់ពង្រត់តារាសម្ដែងចិន Wang Xing ដែលលោកត្រូវបាន គេបញ្ចុះបញ្ចូលឱ្យទៅប្រទេសថៃជាមួយនឹងការសន្យាការងារសម្ដែងមួយមុនពេលត្រូវបានគេជួញដូរទៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ការសង្គ្រោះតារាសម្ដែងរូបនេះកាលពីខែមុន បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការជួញដូរឆ្លងព្រំដែន និងតម្រូវការបន្ទាន់សម្រាប់វិធានការពង្រឹងបន្ថែម។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា រកឃើញជនរងគ្រោះដោយបង្ខំ
ក្រុមអ្នករស់រានមានជីវិតពីការជួញដូរមួយក្រុមធំត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីតំបន់ Myawaddy ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន ដោយឆ្លងកាត់ទន្លេ Moei ចូលទៅក្នុងប្រទេសថៃក្រោមការត្រួតពិនិត្យរបស់យោធា។

កងទ័ពពុទ្ធសាសនាការ៉ែនប្រជាធិបតេយ្យ (DKBA) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅតាមព្រំដែនថៃ បានរាយការណ៍ថា បានរកឃើញមនុស្សប្រមាណ ២៦០នាក់ ត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌការងារដោយបង្ខំ។

ឧត្តមសេនីយ៍ទោ Saw San Aung អគ្គសេនាធិការ DKBA បានប្រាប់សារព័ត៌មានថា «យើងប្តេជ្ញាក្នុងការកំណត់ អត្សញ្ញាណ និងដោះលែងជនរងគ្រោះដោយការជួញដូរបន្ថែមទៀត»។

គួរបញ្ជាក់ថា ប្រទេសថៃមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលរបស់បណ្តាញជួញដូរលើវិស័យទេសចរណ៍របស់ប្រទេស និងកេរ្តិ៍ឈ្មោះអន្តរជាតិ។ ឆ្លើយតបទៅនឹងក្ដីបារម្ភនេះ ប្រទេសថៃ បានរឹតបន្តឹង ការ ទប់ស្កាត់ ប្រតិបត្តិការ ខុសច្បាប់កាលពីដើមខែនេះ ដោយរដ្ឋាភិបាលថៃបានកាត់ផ្តាច់ចរន្តអគ្គិសនី ប្រេងឥន្ធនៈ និងការប្រើប្រាស់អ៊ីនធឺណេតទៅកាន់តំបន់នានាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាកន្លែងស្នាក់នៅរបស់ក្រុមមនុស្សខុសច្បាប់៕

ប្រភព៖ Walkfree