១៣ ចំណុចអំពីបវរកញ្ញាចក្រវាលកម្ពុជា ២០២០


កម្មវិធីប្រកួតប្រជែងបវរកញ្ញាចក្រវាលឆ្នាំ២០២០ លើកទី៦៩នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ នៅសណ្ឋាគារ និងកាស៊ីណូ Seminole Hard Rock នៅHollywood, រដ្ឋFlorida, សហរដ្ឋអាមេរិក។ 

ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ប្រជាជនកម្ពុជាប្រាកដជាបានជ្រាបច្បាស់អំពីម្ចាស់ក្សត្រីកំពូលសម្រស់ ពោរពេញទៅដោយសមត្ថភាព និងសេចក្តីក្លាហាន ដែលតំណាងឱ្យកម្ពុជា។ 

ខាងក្រោមនេះ ពួកយើងសូមការអនុញ្ញាតស្វះស្វែងថ្លាថ្លែងសម្តែងសេចក្តីខ្លីៗអំពីបរវកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា (Sarita Reth)៖

១. កញ្ញាមានទីកន្លែងកំណើតក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

២. ក្នុងឆ្នាំ២០០៥ កញ្ញាបានបញ្ចប់ការសិក្សាពីសាលាឯកជនបារាំងមួយក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សាលារៀននោះមានឈ្មោះថា Lycée Français René Descartes (LFRD) (Lycée français René-Descartes de Phnom Penh)។

៣. ក្នុងឆ្នាំ២០០៩ កញ្ញាបានបញ្ចប់ការសិក្សានៅសាលា Methodist School of Cambodiaនៅរាជធានីភ្នំពេញ។ 

៤. ក្នុងឆ្នាំ២០១២ កញ្ញាបានចាប់ផ្តើមចូលរួមប្រកួតប្រជែងបវរកញ្ញា និងការប្រកួតប្រជែងផ្នែកទេពកោសល្យ។ 

៥. ក្នុងឆ្នាំ២០១៣ កញ្ញាបានទទួលពានរង្វាន់ផ្នែករាំ Cool Dance Award របាំត្រជាក់នៅរាជធានីភ្នំពេញ។

៦. ក្នុងឆ្នាំ២០១៤ កញ្ញាជាពិធីការិនីទូរទស្សន៍របស់ស្ថាប័ន BBC Media Action series “Love9”។

៧. ក្នុងឆ្នាំ២០១៥ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស នៅវិទ្យាស្ថានវ៉ាន់ដាក្នុងរាជធានីភ្នំពេញ។ ក្នុងឆ្នាំដដែលនេះ កញ្ញាក៏បានចូលរួមសម្តែងនៅក្នុងរឿងខ្លីមួយក្រោមចំណងជើងថា “សុភមង្គល”។

៨. ក្នុងឆ្នាំ២០១៦ កញ្ញាបានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនរួមមាន៖ “The Dinner”, “Mind Cage” ព្រមទាំង “Love to the Power of Four”។ នៅក្នុងឆ្នាំដដែល the United Nations Fund for Population Activities (UNFPA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសប្រគល់នូវពានរង្វាន់យុវជនដើម្បីការតស៊ូមតិដល់កញ្ញា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, សិទ្ធិសុខភាពបន្តពូជ និងការការពារប្រឆាំងនឹងអំពើហឹង្សាលើផ្លូវភេទនៅកម្ពុជា។

៩. ក្នុងឆ្នាំ២០១៧ ទន្ទឹមនឹងការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) កញ្ញាក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្លីរឿង “Kidnap”, ខ្សែភាពយន្តរឿង “The Interview” និងនៅក្នុងខ្សែភាពយន្តរឿង “Hex”។

១០. ក្នុងឆ្នាំ២០១៨ កញ្ញាបានក្លាយជាទូតសុច្ឆន្ទៈផ្លូវការតំណាងឱ្យ the Filipino label ForMe ។

១១. នៅឆ្នាំ២០១៩ កញ្ញាបានសម្តែងនៅក្នុងភាពយន្តខ្លីរឿង “California Dreaming” និងខ្សែភាពយន្តខ្លីរឿង “The Spell”។

១២. កញ្ញាបានចាត់ទុកប្រទេសម៉ាឡេស៊ី ប្រៀបបានជាផ្ទះទី២ របស់កញ្ញា។ សារីតាបានរមែងធ្វើទស្សនកិច្ចនៅប្រទេសនេះច្រើនជាង៣០ដង មុនពេលដែលកញ្ញាបានគ្រងតំណែងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០កន្លងទៅនេះ នៅស្ថានីយទូរទស្សន៍បាយ័ន ក្នុងចំណោមបេក្ខជនារី១៩ នាក់ផ្សេងទៀត។ អំឡុងពេលដែលកញ្ញាទទួលបានឋានៈដ៏វិសេសនេះ សារីតាក៏កំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផងដែរ។

១៣. បច្ចុប្បន្នកញ្ញាមានអាយុ២៦ឆ្នាំហើយ ខណៈពេលដែលកញ្ញាកំពុងចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញតំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី Miss Universe 2020 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ នៅសណ្ឋាគារ និងកាស៊ីណូ Seminole Hard Rock នៅ Hollywood, រដ្ឋFlorida, សហរដ្ឋអាមេរិក។

ក្នុងនាមយើងជាប្រជាជាតិកម្ពុជា ពិតជាមានមោទកភាពមែនទែន ដែលមានបវរកញ្ញាដែលប្រកបដោយរូបស្រស់ឆោមពណ៌ដូចសារីតា ព្រមទាំងពេញពោរទៅដោយសេចក្តីក្លាហាន និងសមត្ថភាពគួរឱ្យសរសើរ។ សូមជូនពរសារីតា បានរៀនសូត្រច្រើនពីកម្មវិធីលំដាប់ពិភពលោកនេះ និងទទួលបានលទ្ធផលគាប់ប្រសើរផងដែរ ដើម្បីកញ្ញា និងមុខមាត់ប្រទេសកម្ពុជាទាំងមូល៕

អត្ថបទ៖ brandmedia

ប្រភព៖ conandaily