បេក្ខជន ២២៤នាក់ ជាប់ជាស្ថាពរក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ
នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសារសួរផ្ទាល់មាត់) នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។ ជាលទ្ធផលបេក្ខជនជាប់ជាស្ថាពរ មានសរុបចំនួន ២២៤នាក់ ស្រី១១៦នាក់។


ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោយសម្រេចបានការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ៣លើក ពោលគឺវិញ្ញាសាសរសេរចំនួន ២លើក និងវិញ្ញាសាសួរផ្ទាល់មាត់ចំនួន ១លើក។



គួររំឭកថា កន្លងមក ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើនៅអគ្គនាយកដ្ឋានពន្ធបាន មានបេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ (ស្ត្រី ៣,៣៧៤នាក់) អនុលោមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។