បេក្ខជន ៣៦១នាក់ បានប្រឡងជាប់ក្នុងដំណាក់កាលទី២ នៃប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) បានប្រកាសនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅក្នុងមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។


បេក្ខជនសរុបចំនួន ៣៦១នាក់ បានប្រឡងជាប់ក្នុងដំណាក់កាលទី២នេះ និងត្រូវត្រៀមខ្លួនដេីម្បីទៅប្រឡងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់ ដោយក្រសួងនឹងចម្រាញ់ជ្រេីសរេីសតែ ២៥៧នាក់ប៉ុណ្ណោះ ដើម្បីឱ្យចូលបម្រេីការងារនៅអគ្គនាយកដ្ឋានពន្ធដារ។


សូមជម្រាបថា ចាប់តាំងពីដំណាក់កាលប្រឡងរហូតដំណាក់កាលកំណែសន្លឹកកិច្ចការ និងរហូតមកដល់ដំណាក់កាលប្រកាសលទ្ធផល ស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕