ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃសាធារណរដ្ឋកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៅទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានជម្រាបជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះខែឧសភា-ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។



កម្មវិធីនេះ នឹងបន្តផ្សព្វផ្សាយទៅដល់ ៥ប្រទេសរួមមាន ប្រទេសកម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និងចិន។ ជាមួយគ្នានេះ ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល នឹងមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការនីរបស់ K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនរូបទៀត។

សូមជម្រាបថា ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល គ្រោងធ្វើឡើងក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា។


ប្រភព៖ ក្រសួងទេសចរណ៍