| |

ឯកឧត្តម ហ៊ុន ម៉ានី៖ ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ


ថ្ងៃនេះ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជាគ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានរំលេចសារនៅលើគេហទំព័រផ្លូវការថា «ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ បើគិតមកទល់ពេលបច្ចុប្បន្ន ថ្ងៃនេះគឺជាលើកទី១៣ ហើយដែលយើងបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ ២០២១ និង២០២២ មានវិបត្តិកូវីត១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំលឹកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។»

ឯកឧត្តមបានបន្តថា «តាមរយៈការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការដឹងគុណូបការៈរបស់អ្នកដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។

ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស។»