ឯកឧត្តម ហ៊ុន ម៉ានី៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។
ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។ សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំសូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានដល់ទូលបង្គំយើងខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំងដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ទូលព្រះបង្គំយើងខ្ញុំដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។