| |

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបជាមួយអាណាព្យាបាលប្អូនៗ នៅផ្ទះបាយកុមារ


នារសៀលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយអាណាព្យាបាលប្អូនៗ នៅផ្ទះបាយកុមារ ដោយបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនអ៊ំពូមីង លោកយាយ លោកតាផងដែរ។

ជានិច្ចកាល ក្រៅពីការយកចិត្តទុកដាក់ជាមួយប្អូនៗដែលខ្វះខាត នៅផ្ទះបាយកុមារ បងប្រធានបានបន្តយកចិត្តទុកដាក់រហូតដល់អាណាព្យាបាលរបស់ប្អូនៗផងដែរ។ ជាក់ស្តែងក្នុងថ្ងៃនេះ ឯកឧត្តមបាននាំមកនូវការជួបជុំលើកដំបូង ក្នុងគោលបំណងជួបសំណេះសំណាល បង្កើតភាពស្និតស្នាល និងការចងចាំល្អៗជាមួយគ្នា តាមរយៈការលេងល្បែងប្រជាប្រិយ និងការថតរូបអនុស្សាវរីយ៍ជាមួយអុំពូមីង លោកយាយ លោកតា ដែលជាអាណាព្យាបាល ចំនួន ៣០០ នាក់ ដោយពួកគាត់អាចថតរូបម្នាក់ម្តងៗ និងមានក្រុមការងារប៉ាម៉ានីជួយសម្របសម្រួលក្នុងការផ្តិតរូបថតដាក់ស៊ុម។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ បងប្រធានបានថ្លែងអំណរគុណចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ ក្រុមការងារប៉ាម៉ានី និងក្រុមការងារពាក់ព័ន្ធ ជាពិសេសលោកពូ ង៉ូវ ឈីវ សប្បុរសជន ព្រមទាំង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចូលរួមឧបត្តម្ថ គាំទ្រ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ជួយសម្របសម្រួល និងចូលរួមចែករំលែកក្ដីស្រលាញ់ដល់កូនៗ រួមទឫំងបំពេញកិច្ចការដ៏ប្រពៃមួយ នេះជួយ ដល់កុមារ ដែល ជួបការលំបាក និង ខ្វះខាត។

កម្មវិធីនាថ្ងៃនេះ បាននាំអាណាព្យាបាលទាំងអស់ មករំសាយអារម្មណ៍ពីការនឿយហត់មួយកម្រិត ដោយទទួលបានអារម្មណ៍រំភើបសប្បាយរីករាយ និងស្នាមញញឹម រួមជាមួយអំណោយ ក៏ដូចជារង្វាន់នានា។ សូមជម្រាបជូនថា កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បងប្រធានធ្លាប់ជួបប្អូនៗម្តងរួចមកហើយ និងបានថតរូបអនុស្សាវរិយ៍ ជាមួយគាត់ម្នាក់ម្តងៗ រួមទាំងផ្តល់នូវសម្ភារៈសិក្សាជូនប្អូនៗផងដែរ។