| |

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ សមាជិក សមាជិកា ស.ស.យ.ក. ក្រាបថ្វាយព្រះពរព្រះបរមឆាយាល័ក្ខណ៍ នៅបរិវេណសួនច្បារព្រះរាជបណ្ដាំ


នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ សមាជិក សមាជិកាក្រាបថ្វាយព្រះពរព្រះបរមឆាយាល័ក្ខណ៍ នៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក គណៈកម្មាធិការកណ្តសល រួមទាំងសមាជិក សមាជិកាជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានមោទនភាពក្រៃលែង ដែលតែងតែ ទទួលបានការសព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតរៀបចំព្រះរាជពិធីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រះរាជពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី និងជាពិសេសនាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំ “ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍” ដើម្បីថ្វាយព្រះពរអបអរសាទរខួប ២០ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ពិព័រណ៍នេះផងដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរភាព និងព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បាន បំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និង យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ទាំងអស់។

សូមជម្រាបថាពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ២២ថ្ងៃ ចាប់ពី ថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ត និងព្រះរាជសកម្មភាពសប្បុរសធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត