|

ឯកឧត្តម ហ៊ុន ម៉ានី៖ សមិទ្ធផលនៃការដឹកនាំរាជរដ្ឋាភិបាលរយៈពេល ១ ឆ្នាំមកនេះ បានបង្ហាញពីសមត្ថភាពរបស់សម្តេចមហាបវរធិបតី យ៉ាងច្បាស់ ក្នុងការថែរក្សា និងបន្តបេសកកម្មដឹកនាំប្រទេសជាតិ


នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នៅសាលប្រជុំគណបក្ស។ អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន ឯកឧត្តម គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ ក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៤៨៩នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈប្រចាំការ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមប្រធានគណៈមហាជនខេត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ រួមទាំងសម្រេចបាននូវសមិទ្ធភាពនានា។ ឯកឧត្តមបានគូសបញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ២០២៣ កើតចេញពីការជឿទុកចិត្តរបស់ប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ក្នុងការនាំយកជ័យជំនះជូនគណបក្ស។

ឯកឧត្តមបានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជន គឺការផ្តល់នូវជំនឿទុកចិត្តទៅលើកម្មវិធីនយោបាយ ក៏ដូចជាការគាំទ្រនូវបេក្ខភាពដឹកនាំដែលចេញពីគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបាន ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនៃការដឹកនាំរាជរដ្ឋាភិបាលរយៈពេល ១ ឆ្នាំមកនេះ បានបង្ហាញពីសមត្ថភាពរបស់សម្តេចមហាបវរធិបតី យ៉ាងច្បាស់ ក្នុងការថែរក្សា និងបន្តបេសកកម្មដឹកនាំប្រទេសជាតិ ក្រោមម្លប់នៃសុខសន្តិភាព។