|

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងការពារជាតិ ឱ្យយកចិត្តទុកដាក់លើការហ្វឹកហ្វឺនក្នុងជួរកងទ័ព ជាកត្តាអាទិភាព


ថ្លែងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក សម្តេចបវរធិបតី បានស្នើក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាកត្តាអាទិភាព ព្រោះការហ្វឹកហ្វឺនជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងក្នុងជួរកងទ័ព តាមរយៈការពង្រឹងឯកសារយោធាចារ្យ និងសាលាហ្វឹកហ្វឺន ជាពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តល់ផលយ៉ាងហោច ៣ យ៉ាង គឺ៖ ១. ដើម្បីបំពេញលើយុទ្ធវិធីសំខាន់ៗ ដោយប្រើប្រាស់អាវុធធម្មជាតិក្នុងកាលៈទេសៈចាំបាច់, ២. ដើម្បីរក្សាសុខភាពរឹងមាំ, និង ៣. ដើម្បីចូលរួមភិរក្ស និងជំរុញការផ្សព្វផ្សាយនូវក្បាច់គុនរបស់បុព្វបុរសយើង ។

សម្ដេចធិបតី បានសង្កត់បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ ដែលគិតចាប់តាំងពីឆ្នាំ២០០៥ មកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជាប្រមាណជិត១ម៉ឺននាក់ ទៅកាន់១០ប្រទេស ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពពិភពលោក ។

ទន្ទឹមនេះ ខណៈដែលមានប្រទេសមួយចំនួនកំពុងជួបបញ្ហាសង្គ្រាម និងអសន្តិសុខ សម្តេចមហាបរវធិបតី បានលើកឡើងពីភាពចាំបាច់ដល់ការថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាតនៅកម្ពុជា ព្រោះនេះជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន ជាមួយនឹងការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ព ដែលជាតួអង្គមួយទាំងក្នុងការបង្កើតសង្គ្រាម បញ្ចប់សង្គ្រាម និងការពារសុខសន្តិភាព ។

ប្រភព៖ STPM