|

រដ្ឋមន្ត្រីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះដំណើរការសំណេរប្រឡងបាក់ឌុបឆ្នាំនេះថា មានភាពល្អប្រសើរជាងឆ្នាំកន្លង


នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ បូកសរុប និងវាយតម្លៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ឯកឧត្តមតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈមេប្រយោគ គណៈអប្បមាទទូទាំងប្រទេស សរុបប្រមាណ ៦៨៧នាក់។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូលរបាយការណ៍ស្តីពីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ របស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត ដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១).ចំនួនមណ្ឌល ចំនួនបេក្ខជន និងចំនួនអវត្តមាន ២).ការបំពេញការងាររបស់គណៈមេប្រយោគ និងគណៈកម្មការនានា ៣).កិច្ចសហការរវាងគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធ ៤). សន្និដ្ឋាន។

បន្ទាប់ពីការរាយការណ៍ និងចូលរួមយោបល់របស់ក្រុមការងារ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការសំណេរទាំងពីរថ្ងៃ ដែលមានភាពល្អប្រសើរជាងឆ្នាំកន្លង ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដោយគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយបទពិសោធន៍ និងភាពឆ្លាតវៃ ហើយចំពោះទិដ្ឋភាពរួម បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍ ដែលបានផ្ដល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដែលបានជំរុញឱ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន និងកាន់តែល្អប្រើសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

ប្រភព៖ MoEYS