ឯកឧត្តម ហ៊ុន ម៉ានី៖ គោលគំនិតនៃឯកសារទស្សនាទាន ស.ស.យ.ក. ២.០ នឹងក្លាយជាត្រីវិស័យថ្មីបន្ថែមទៀត សម្រាប់បន្តបេសកកម្មរបស់ ស.ស.យ.ក.
ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទាន ស.ស.យ.ក ២.០ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៤ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក. ២.០ នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំមកពីរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ ស.ស.យ.ក. បានមកជួបជុំគ្នា ដើម្បីស្វែងយល់ពីគោលគំនិតនៃឯកសារទស្សនាទានស.ស.យ.ក. ២.០ ដែលនឹងក្លាយជាត្រីវិស័យថ្មីបន្ថែមទៀតសម្រាប់បន្ដសកម្មភាពដែលខ្លួនបាន និងកំពុងអនុវត្ត ស្របតាមផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” របស់ ស.ស.យ.ក.។
ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបអស់រយៈពេល ១ថ្ងៃពេញនេះ ពិតជាបានឆ្លុះបញ្ចាំងពី ការស្រឡាញ់ និងស្មារតីចូលរួមគិតគូរពីជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបង្កើតគំនិត និងប្រែក្លាយទៅជាសកម្មភាពអនុវត្តផ្ទាល់ ដើម្បីបង្កើតប្រយោជន៍ជូនសង្គមជាតិ។ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈការមានចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររួមគ្នាតែមួយ យើងប្រាកដជាអាចបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតជូនសង្គមជាតិ។
ជាចុងក្រោយ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំអោយសមាជិក សមាជិកា ចងចាំនូវថ្ងៃកំណើតរបស់ ស.ស.យ.ក. ដោយបន្តថែរក្សានូវស្មារតី ២ ធ្នូ តាមរយៈការលៈបង់ផលប្រយោជន៍រៀងខ្លួន មករួបរួមគ្នា និងថែរក្សាស្មារតីសាមគ្គីពីគ្រប់រចនាសម្ព័ន្ធទាំងអស់របស់ស.ស.យ.ក.។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកា ឱ្យបន្តចូលរួមជាមួយស.ស.យ.ក. សិក្សាស្វែងយល់ឱ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ ស.ស.យ.ក. ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវបេសកកម្មដើម្បីសង្គមជាតិ និងកសាងការរួបរួមគ្នាក្រោមស្មារតីខ្មែរតែមួយ ។