|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធ និងទស្សនកិច្ចសាលាបឋមសិក្សាជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរមុខងារសាធារណៈ នៅខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតសាលាបឋមសិក្សា។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី តំណាងសាលាបឋមសិក្សាមកពីទូទាំងប្រទេស និងមន្ទីរមុខងាសាធារណៈ ព្រមទាំងសិក្ខាកាមផ្សេងទៀតមានចំនួន ៧៤១នាក់ ដើម្បីចែករំលែកបទពិសោធ ពីអង្គភាពជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ និងទទួលព័ត៌មាននានាឆ្ពោះទៅកាន់ការប្រកួតប្រជែងនាឆ្នាំបន្ទាប់។


នាព្រឹកដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំ ដែលជាម្ចាស់ជ័យលាភីលេខ១ ស្ទួន និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រសាលាបឋមសិក្សាស្វាយជ្រុំផងដែរ។ 

ភ្លាម​ ក្រោយពីបានទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ដើម្បីជួបផ្ទាល់ ស្តាប់ផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់ជាមួយមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈ៕