| | |

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បង នៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី


ថ្លែងនៅក្នុង «វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ៣០២៤» នាព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅកម្ពុជា, មូលដ្ឋានគ្រឹះនៃសង្គម ដែលប្រកបដោយសន្តិភាព, ភាពសុខដុមរមនា និង ភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីខ្មែរជាច្រើនជំនាន់។ ជាមួយគ្នានេះ កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន។

សម្ដេចបានបន្តថា ការផ្ដល់តម្លៃ និងផ្តល់ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅនៅក្នុងវប្បធម៌, ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។ ជាក់ស្តែង, កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យដ៏ចម្បង នៃការផ្តល់តម្លៃខ្ពស់បំផុតដល់ស្ត្រី ដោយសារពាក្យនេះភ្ជាប់ជាមួយ នឹងកិត្តិយស, មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

ក្នុងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្ត្រីតែងបានកាន់តំណែង ប្រកបដោយអំណាច និងឥទ្ធិពល, ហើយបានបន្សល់ទុកនូវស្នាដៃកេរ្តិ៍តំណែលយ៉ាងធំធេង ដល់ការអភិវឌ្ឍប្រទេសជាតិ។ ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែបប្រពៃណីរបស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេស ក្នុងទិដ្ឋភាពផ្សេងៗ ។ ជាក់ស្ដែង, ព្រះរាជា ទីមួយរបស់កម្ពុជា គឺ ព្រះនាងសោមា ឬ ព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ ។ យើងក៏មានស្ត្រីដ៏ អស្ចារ្យដទៃទៀត ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិយើង៕