|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមទស្សនាការចាក់បញ្ចាំងខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ដែលជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ


នាល្ងាចថ្ងៃទី១៥ ខែមិថុនា នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមទស្សនាការចាក់បញ្ចាំងខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ដែលជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ដែលជាផ្នែកមួយនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ការចាក់ បញ្ចាំងខ្សែភាពយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនប្រជានុរាស្រ្តជាកូន ចៅ និងចៅទួតបានទស្សនា និងស្វែងយល់ពីអត្តសញ្ញាណជាតិ លើវិស័យវប្បធម៍ សាសនា សិល្ប: និងទំនៀមទំលាប់ប្រពៃណីខ្មែរ ជាពិសេសគឺដើម្បីរំលឹកដល់ស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ។

ខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ ១៩៦៦ ដែលបានបង្ហាញនូវភាពអស្ចារ្យ នៃព្រៃភ្នំ ដែលជាសម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រខ្មែរ ផ្សារភ្ជាប់នឹងជំនឿ សាសនា ដែលស្តែងចេញតាមរយ: ទម្រង់សិល្ប: របាំបុរាណ និងចម្រៀងសម័យ ព្រមទាំងជីវភាពកសិករដែលរស់នៅតាមជនបទស្រុកស្រែចម្ការ។ ខ្សែភាពយន្តនេះ ជាខ្សែភាពយន្តដែលទទួលបានព្រះមហាកិត្តិយសដ៏ធំធេង ដោយសម្តេចព្រះវររាជបិតាជាតិ និងសម្តេចព្រះវររាជមាតាជាតិស្តេចសព្វព្រះរាជហឫទ័យយាងសម្តែងដោយផ្ទាល់ បានឆ្លុះបញ្ចាំងអំពីអច្ឆរិយភាពជាច្រើននៃសម្បត្តិវប្បធម៌ដ៏ល្អផូរផង់ និងធម្មជាតិដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា នាសម័យសង្គមរាស្រ្តនិយម។