|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តស្តង់ដាសាលគំរូមានប្រសិទ្ធភាពខ្ពស់ គួរបង្កើតឱ្យមានបណ្ដាញនាយកសាលា


ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្តីពី “ការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤” នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបង្កើតឱ្យមានក្រុមការងារចុះជួយគាំទ្រដែលមានសមាសភាពចម្រុះ មានគោលបំណងផ្តល់នូវការបំពេញបន្ថែមទៅលើគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍសាលារៀន ស្របតាមស្តង់ដាទាំង៥ នៃសាលារៀនគំរូ និងសូចនាករពាក់ព័ន្ធ ដែលទាមទារឱ្យក្រុមការងារចុះជួយគាំទ្រត្រូវយល់ច្បាស់អំពី ខ្លឹមសារនៃសូចនាករនីមួយៗ និងអាចប្រែក្លាយទៅជាសកម្មភាពកែលម្អនៅតាមសាលារៀននីមួយៗ និង បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តស្តង់ដាសាលគំរូមានប្រសិទ្ធភាពខ្ពស់ គួរបង្កើតឱ្យមានបណ្ដាញនាយកសាលា ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីឧត្តមានុវត្តន៍គ្នាទៅវិញទៅមក។

ទន្ទឹមនេះដែរ ការងារអាទិភាពទាំង ៨ ដើម្បីធ្វើកំណែទម្រង់ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដែលមានដូចជា៖ (ទី១). កត្តាសិស្សរៀន (ទី២). កត្តាគ្រូបង្រៀន (ទី៣). កត្តាសាលារៀន (ទី៤). ការចូលរួមគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ (ទី៥). ការលើកកម្ពស់ការអប់រំឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, (ទី៦).ការអភិវឌ្ឍបំណិនសតវត្សទី២១ (ទី៧).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង (ទី៨). ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។

ក្នុងក្របខណ្ឌកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ ដោយបែងចែកជា ៥ស្តង់ដារួមមាន៖ (១). លទ្ធផលសិក្សារបស់សិស្ស (២). ដំណើការបង្រៀន និងរៀន (៣). ការចូលរួមរបស់សហគមន៍ (៤). ដំណើការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង (៥). គណនេយ្យភាពសាលារៀន ដែលក្នុងនោះបានបញ្ជ្រាបវិធានគន្លឹះចំនួន ៤ ដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលរួមមាន៖ (ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, (ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង(ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

គ្រឹះស្ថានសិក្សាត្រូវខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសដោយអនុវត្ត កម្មវិធី ក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ ម៉ោងសិក្សា បន្ថែមទៀត។ សកម្មភាពក្រៅម៉ោងសិក្សាត្រូវរៀបចំឱ្យស្របទៅតាមតម្រូវការ ក្នុងការអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដោយផ្តោតលើកម្មវិធីអភិវឌ្ឍបំណិនមូលដ្ឋាន កម្មវិធីប្រឹក្សាអាជីពនិង បំណិនជីវិតមូលដ្ឋាន និងកម្មវិធីអភិវឌ្ឍយុវជន ។

នៅក្នុងជំហានដំបូងនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងបានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ ព្រមទាំងបានរៀបចំយន្តការគាំទ្រ និងអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធានាបានការអនុវត្តមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ នៅក្នុងសន្និបាតអប់រំ ឆ្នាំ ២០២៤ ក្រសួងបានធ្វើការវាយតម្លៃ និងទទួលស្គាល់ជ័យលាភីសាលារៀនគំរូចំនួន ១២០ ខណៈក្រសួងនៅតែលើកទឹកចិត្តឱ្យសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងឆ្នាំ២០២៤នេះ សាលារៀនចំនួន ៣៤៧ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៣០ សាលាបឋមសិក្សា ១៧២ និងសាលាមធ្យមសិក្សា ១៤៥។ ក្រសួងមានទិសដៅសម្រេចឱ្យបានសាលារៀន ១៣០ បន្ថែមទៀតក្នុងឆ្នាំ ២០២៤នេះ ក្នុងចំណោមសាលារៀនគោលដៅ ៣៤៧ ខាងលើ។ ក្រសួងបាននិងកំពុងជំរុញការអនុវត្តសាលារៀនគំរូតាមគ្រប់រូបភាពដោយប្រើប្រាស់យន្តការ និងធនធានសរុបទាំងថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍ៕

ប្រភព៖ MoEYS