អបអរសាទរក្រុមនិស្សិតនារីកម្ពុជា ៣រូប ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤”


ក្នុងក្របខណ្ឌនៃកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” (Huawei ICT Competition Global Final 2023-2024) ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកម្មវិធីចំនួន ២ ដែលប្រព្រឹត្តទៅនៅពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Shenzhen ប្រទេសចិន៖ គឺកិច្ចប្រជុំកំពូលស្ដីពី “ការពន្លឿនបរិវត្តកម្មក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” (ICT Accelerating Education Transformation Summit) និងពិធីប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ពិភពលោក (Global Final Awards Ceremony)

កម្មវិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំនៃបណ្ដាប្រទេសមួយចំនួន តំណាងអង្គការ UNESCO និងសិស្ស-និស្សិតប្រមាណជាង ១៧០ ០០០នាក់ មកពីជាង ២០០០ សាកលវិទ្យាល័យនៃជាង ៨០ប្រទេសជុំវិញពិភពលោក។

នៅក្នុងកម្មវិធីនេះដែរ និស្សិតនារីកម្ពុជាចំនួន ៣រូប ដែលកំពុងសិក្សាឆ្នាំទី៤ នៃមុខជំនាញវិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Network Engineering) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) បានចូលរួមកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” នេះដែលរួមមាន កញ្ញា សេង សុមន្ថាវរ័ត្ន កញ្ញា សេង សុមន្ថាវរិន្ទ កញ្ញា សឿន ឧស្សា។

ជាលទ្ធផលនៃការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ ក្រុមនិស្សិតនារីកម្ពុជាទាំង ៣រូប ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣។ ដើម្បីជាសក្ខីភាពនៃការឈ្នះពានរង្វាន់នេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានផ្ដល់កិត្តិយសឡើងប្រគល់រង្វាន់ជូនក្រុមនិស្សិតកម្ពុជារបស់យើងផងដែរ។