|

គ្រូបង្រៀនដ៏ឆ្នើមម្នាក់ តំណាងឱ្យកម្ពុជាទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ


នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ Dr. Krissanapong Kirtikara និងអមដំណើរដោយ ឯកឧត្តមអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីការជ្រើសរើស និងការប្រគល់ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ដល់ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំឯកឧត្តម អ៊ុង បូរាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។

ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងដោយព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៅឆ្នាំ២០១៥។ រៀងរាល់២ឆ្នាំម្តង គណៈកម្មការវាយតម្លៃរបស់មូលនិធិ (PMCAF) បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងបេក្ខភាពគ្រូបង្រៀនល្អ ទៅចូលរួមប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ដែលមានប្រទេសចំនួន ១១ ចូលរួម។

កន្លងមក បេក្ខជនដែលត្រូវចាត់បញ្ជូនទៅចូលរួមប្រកួតប្រជែង សុទ្ធតែជាជ័យលាភីគ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោសែនដែលជ័យលាភីទាំង៤នាក់រួមមាន៖
១. អ្នកគ្រូ តូច បណ្តូល គ្រូបង្រៀនសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៣-២០១៤
២. អ្នកគ្រូ ឌី សោភ័ណ គ្រូបង្រៀនសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៥-២០១៦
៣. លោកគ្រូ ឡយ វីរៈ គ្រូបង្រៀនវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាជ័យលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៧-២០១៨
៤. លោកគ្រូ ណន ដារី គ្រូបង្រៀនសាលាបឋមសិក្សាគួចម៉េងលី ទួលបេង ខេត្តកំពង់ចាម និងជាជ័យលាភី គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ១ ឆ្នាំសិក្សា២០១៨-២០១៩។

សម្រាប់ការប្រគល់ពានរង្វាន់លើកទី៥ ឆ្នាំ២០២៣ ក្រសួងបានបញ្ជូនបេក្ខភាពអ្នកគ្រូ ហៃ ចរិយា គ្រូបង្រៀនថ្នាក់ទី១២ ឯកទេសគណិតវិទ្យា វិទ្យាល័យសុខអានសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលបានទទួលពានរង្វាន់ សម្តេចតេជោសែន គ្រូបង្រៀនល្អ ក្នុងឆ្នាំសិក្សា២០២០-២០២១ កន្លងមក តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការវាយតម្លៃពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ។ រហូតដល់ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការបានធ្វើការវាយតម្លៃ និងទទួលស្គាល់បេក្ខភាពអ្នកគ្រូ ហៃ ចរិយា ជាផ្លូវការ។

អ្នកគ្រូ ហៃ ចរិយា

ជ័យលាភីគ្រូបង្រៀនល្អអាស៊ាន នឹងត្រូវធ្វើពិធីប្រគល់នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ហើយជ័យលាភីម្នាក់ៗ នឹងទទួលបាន ១) ពានរង្វាន់ ២) ថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក, ៣) មេដាយមាសមួយគ្រឿង, ៤) រូបនិមិត្តសញ្ញាព្រះមហាក្សត្រថៃ, និង ៥) វិញ្ញាបនបត្រជាលិខិតសរសើរ៕

ប្រភព: MoEYS
រូបភាព: fresh news