|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការបង្រៀនគណិតវិទ្យាបានល្អ ទាមទារឱ្យគ្រូបង្រៀនចេះច្នៃប្រឌិតផលិត និងប្រើប្រាស់សម្ភារឧបទេសជាប្រចាំ


នេះជាអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបំប៉នស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែនអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមបានល់កឡើងថា ការអភិវឌ្ឍកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ដើម្បីឱ្យសិស្សចេះគិតលេខ ព្រោះការៀនអាន និងរៀនលេខ ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ និងកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ តាមរយៈការធ្វើថ្នាក់និទស្សន៍បង្ហាញថា ការអនុវត្តវិធីសាស្ត្រ និងល្បិចបង្រៀនរបស់គ្រូបង្រៀន ការសួរសំណួរធ្វើឱ្យសិស្ស និងគ្រូមានអន្តរកម្ម ដោយគ្រូបង្រៀនចេះផ្សារភ្ជាប់ខ្លឹមសារមេរៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការបង្រៀនគណិតវិទ្យាបានល្អ ទាមទារឱ្យគ្រូបង្រៀនចេះច្នៃប្រឌិតផលិត និងប្រើប្រាស់សម្ភារឧបទេសជាប្រចាំ ត្រៀមខ្លឹមសារមេរៀន រៀបចំតារាងនានាឱ្យបានល្អ នឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការបង្រៀន។ ម្យ៉ាងវិញទៀត គ្រូបង្រៀនត្រូវខិតខំពង្រឹងសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមវគ្គសិក្ខាសាលានានា ការយកវីដេអូការបង្រៀនផ្សេងៗមកមើលជាគំរូ និងជាពិសេស ការទទួលយកការចុះគាំទ្រតាមរយៈកម្មវិធីប្រឹក្សាគរុកោសល្យ។ ការខិតខំអនុវត្តជាប្រចាំរយៈពេល ៣ទៅ ៥ឆ្នាំ នឹងអាចក្លាយជាគ្រូបង្រៀនល្អបាន។

ជាមួយគ្នានេះ ឯកឧត្តមបានផ្ដល់អនុសាសន៍សំខាន់ៗដូចជា ការវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបឋមសិក្សាដែលបានដឹកនាំសម្របសម្រួលអភិវឌ្ឍកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីបំពេញបន្ថែមដល់ការអនុវត្តសៀវភៅសិក្សាគោល មាតាបិតា ត្រូវយល់ដឹងអំពីការអភិវឌ្ឍរបស់កុមារ ជាពិសេសអំឡុងពេល ១០០០ថ្ងៃដំបូង លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ ខិតខំបង្រៀនសិស្សឱ្យចេះជាដើម។ ឯកឧត្តមបានបន្ថែមថា ការអប់រំទាមទារនូវការចូលរួមរបស់កត្តា ៤ ដែលរួមមាន កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និងកត្តាមាតាបិតា អ្នកអាណាព្យាបាល៕

ប្រភព៖ MoEYS