|

ឯកឧត្តម ហ៊ុន ម៉ានី ប្ដេជ្ញាដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. បានផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ដែលមានខ្លឹមសារថា

«ក្នុងអភិរម្យសម័យថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ សូមថ្វាយនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនូវព្រះសព្ទសាធុការពរជ័យ មង្គល សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ សូមព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ទ្រង់មានព្រះរាជជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន និងព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតជាអណាប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំសូមដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុត ជាពិសេសព្រះគំរូវីរភាពរបស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ដែលព្រះអង្គ ទ្រង់ពោរពេញដោយព្រះរាជហឫទ័យស្នេហាជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូនចៅ ចៅទួតប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជហឫទ័យសណ្តោសប្រណីក្រៃលែង។»