|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នគឺត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា


ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងសន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងអំពីបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាមួយអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ AI ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ យើងសង្កេតឃើញថា កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់ បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតប ទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តំបន់ និងសកលលោក។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និង(៤). ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕

ប្រភព៖ MoEYS