ឯកឧត្តម ហ៊ុន ម៉ានី៖ តួនាទីដែលខ្ញុំទទួលបាននេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែជាទំនួលខុសត្រូវក្នុងការធ្វើកំណែទម្រង់
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានរដ្ឋសភា សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញ។
លទ្ធផលនៃការបោះឆ្នោតនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានទទួលសារអបអរ និងជូនពរជាច្រើន។ ឆ្លើយតបទៅនឹងការគាំទ្រដ៏លើសលប់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចសារថ្លែងអំណរគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រោសព្រះរាជទានតែងតាំងឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងបានថ្លែងអំណរគុណចំពោះ សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី និងសម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឥស្សរជនជាតិ អង្គទូត វិស័យឯកជន សហការី និងសមាជិក សមាជិកានៃមហាគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស ដែលបានផ្ដល់ការជឿទុកចិត្ត និងការគាំទ្រចំពោះឯកឧត្តម។
ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា “តួនាទីដែលខ្ញុំទទួលបាននេះ មិនគ្រាន់តែជា«តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។ ឆ្លើយតបនឹងទំនួលខុសត្រូវនេះដែរ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសាកសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន។ ក្នុងន័យនេះ យើងខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា “ក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។”