| |

ឯកឧត្តម ហ៊ុន ម៉ានី រំលេចសារនយោបាយដ៏មានអត្ថន័យក្នុងឱកាសអបអរសាទរ ខួបទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ


នៅក្នុងឱកាសអបអរសាទរ ខួបទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចសារដ៏មានអត្ថន័យនៅលើទំព័រផ្លូវការរបស់ឯកឧត្តម ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។

តាមរយៈខ្លឹមសារនេះ ឯកឧត្តមបានលើកឡើងថា កងយោធពលខេមរភូមិន្ទតំណាងឱ្យមូលដ្ឋាននៃខឿនការពារជាតិ។ ទោះបីយើងកំពុងរស់នៅក្នុងសុខសន្តិភាព តែកងទ័ពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលជាអ្នកឈរជើងយ៉ាងអង់អាចនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងជួយសង្រ្គោះប្រជាពលរដ្ឋក្នុងពេលគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ មិនតែប៉ុណ្ណោះ កងទ័ពកម្ពុជាកំពុងតែដើរតួនាទីជាឯកអគ្គរាជទូត តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលទទួលបានការកោតសរសើរពីសហគមន៍អន្តរជាងិ។ កម្ពុជាដែលពីមុនជាប្រទេសទទួលកងរក្សាសន្តិភាព បានក្លាយខ្លួនជាប្រទេសដែលបញ្ជូនកងរក្សាសន្តិភាពនាពេលបច្ចុប្បន្ន។ នៅក្នុងសុខសន្តិភាព កងទ័ពបានទទួលឱកាសច្រើនសម្រាប់ការអភិវឌ្ឍសមត្ថភាព និងបង្កើនជីវភាពរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា។

ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងនូវការដឹងគុណដល់វីវកងទ័ពគ្រប់រូបដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាពលរដ្ឋគ្រប់ៗជំនាន់

គួរបញ្ជាក់ថា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ កម្ពុជាបានប្រារព្ធខួបទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីរំលឹកឡើងវិញគំរូនូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕