|

ឯកឧត្តម ហេង សួរ ៖ «កម្ពុជាគឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើង ដើម្បីការពារប្រយោជន៍ដល់កម្មករ»


ដើម្បីជាការលើកកម្ពស់ជីវភាពកម្មករ ស្របតាមការយកចិត្តទុកដាក់ពីសម្តេចធិបតី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយសហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ក្រៅពីនេះ ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រោមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយម្មក្នុងវិស័យការងារនៅកម្ពុជា។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពសុខដុមនីយកម្មក្នុងវិជ្ជាជីវៈផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនេះទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យកម្មករនិយោជិតយល់ពីក្របខណ្ឌគតិយុត្តិនិង កាតព្វកិច្ចរបស់គ្រប់ភាគីដែលត្រូវបានកំណត់ដើម្បីរក្សាប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវនិរន្តរភាព។

ជំនួបនេះ គឺជាជំនួបទ្រង់ទ្រាយធំលើកទី១ រវាងសហជីពគ្រប់និន្នាការ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដើមអាណត្តិទី៧នៃរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាសហជីពគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយការណ៍នេះតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍ សមត្ថភាពដើម្បីចូលរួមកសាងបរិយាកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនកម្មករនិយោជិតយូរអង្វែង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី វប្បធម៌ជជែកពិភាក្សាគ្នាក្នុងនាមក្រុមគ្រួសារតែមួយ ការជជែកត្រង់ទៅត្រង់មករវាងសហជីព និងក្រសួងការងារ គឺជាយន្តការដ៏ល្អបំផុតដើម្បីឱ្យវិស័យការងារនៅកម្ពុជាកាន់តែរឹងមាំនិងជាម្លប់ដ៏ត្រជាក់ប្រកបដោយភាពទាក់ទាញសម្រាប់រក្សាការវិនិយោគដែលមានស្រាប់ និងការចាប់យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាគឺជាឋានសួគ៌របស់សហជីពដែលបង្កើតឡើង ដើម្បីការពារប្រយោជន៍ដល់កម្មករ ដែលជាមធ្យមនៅរោងចក្រមួយមានសហជីពមិនតិចជាង៣ផ្សេងគ្នានោះទេ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃទំនាក់ទំនងនិងចំណងមិត្តភាពស្អិតរមួតរវាងភាគីទាំងពីរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសជំនួបជាលក្ខណៈដាច់ដោយឡែកនិងជាក្រុមប្រមូលផ្តុំឱ្យបានញឹកញាប់ជាមួយគ្នា។

សូមបញ្ជាក់ថាក្រោយបញ្ចប់ការសំណេះសំណាលសហជីពទាំងអស់បានចូលរួមពិសាអាហារសាមគ្គីនិងច្រៀងកំសាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

ប្រភព: ក្រសួងការងារ