សម្ដេច ហ៊ុន សែន៖ សុខទុក្ខប្រជាជន១៦លាននាក់ សំខាន់ជាងការរិះគន់របស់ក្រុមមួយក្ដាប់តូច


ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រគល់-ទទួលវ៉ាក់សាំងពីចិន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩នេះ គឺជាកាតព្វកិច្ចចាំបាច់បំផុតរបស់រដ្ឋាភិបាល ជាជាងចំណាយពេលឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមមួយក្ដាប់តូច។

ឆ្លើយតបទៅនឹងការរិះគន់ជុំវិញការទទួលយកវ៉ាក់សាំងចិន ជំនួសឱ្យវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា៖«យើងគ្មានភាពចាំបាច់អី ត្រូវឆ្លើយតបនឹងមនុស្សមួយចំនួនតូចដែលមិនសប្បាយចិត្តជាមួយការសម្រេចចិត្តរបស់រដ្ឋាភិបាលនោះឡើយ។ ពីព្រោះ ក្នុងពិភពលោកនេះ យើងមិនអាចផ្គាប់ចិត្តមនុស្សបានទាំងអស់ទេ ចំណុចសំខាន់នៅត្រង់ថាអ្នកសប្បាយចិត្តច្រើនជាងអ្នកមិនសប្បាយចិត្ត ឬអ្នកមិនសប្បាយចិត្តច្រើនជាងអ្នកសប្បាយចិត្ត។»

សម្ដេចបន្តទៀតថា នៅក្នុងប្រទេសកម្ពុជាមានមនុស្សតិចណាស់មិនពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលលើរឿងប្រើប្រាស់វ៉ាក់សាំង។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីចាក់វ៉ាក់សាំងនៅតែបន្ត ដោយសម្ដេចនឹងអនុញ្ញាតឱ្យកូនប្រុសរបស់សម្ដេចទាំងបីរូប ព្រមទាំងមន្ត្រីនៅក្នុងជួររដ្ឋាភិបាលដែលមានអាយុមិនលើស៥៩ឆ្នាំទទួលយកវ៉ាក់សាំងនេះ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជនក្នុងការប្រើប្រាស់។

សម្ដេចបញ្ជាក់ថា ក្រៅតែពីមន្ត្រីនៅក្នុងជួររដ្ឋាភិបាល ក្រុមអ្នកសារព័ត៌មានក៏នឹងត្រូវផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងស៊ីណូហ្វាមដែលផលិតដោយប្រទេសចិន ពីព្រោះពួកគេដើរតួនាទីសំខាន់ក្នុងការរាយការណ៍ដំណឹង និងជាក្រុមប្រឈមខ្ពស់នឹងការឆ្លងជំងឹកូវីដ-១៩។

«អ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ គាំទ្ររដ្ឋាភិបាល គួរឈប់ឆ្លើយតបជាមួយក្រុមមួយក្ដាប់តូចនោះ ទាំងនៅក្នុងទូរទស្សន៍ ឬលើបណ្ដាញសង្គមជាដើម ហើយងាកមកចូលរួមដោះស្រាយបញ្ហាកំពុងកើតមាន ជាពិសេសវិបត្តិកូវីដ-១៩ ដែលនៅតែបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅឡើយ។ យើងត្រូវចាំថា សុខទុក្ខរបស់ប្រជាជនកម្ពុជា១៦លាននាក់ សំខាន់ជាងការិះគន់របស់ក្រុមមួយក្ដាប់តូចនោះឆ្ងាយណាស់។»នេះបើយោងតាមសម្ដេច ហ៊ុន សែន។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង វ៉ាក់សាំងចំនួន៦០មុឺនដូសក្នុងចំណោម១លានដូសដែលជាជំនួយរបស់ប្រទេសចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានរបស់សម្ដេច ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន៕

ដោយ៖ ង៉ាយ ណៃ