|

ឯកឧត្តម ហ៊ុន ម៉ានី: «ស.ស.យ.ក. គឺជាសាក្សីរស់នៃការវិវត្តសង្គមជាតិពីមួយដំណាក់កាល ទៅមួយដំណាក់កាល»


នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបជុំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដារវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក.រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា តាមបណ្ដាវិស័យទាំង ៣៣ និងសមាជិកចំណុះក្រោម ស.ស.យ.ក. រាជធានីភ្នំពេញសរុបប្រមាណ៤០០ នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កន្លងមកសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី។ ឯកឧត្តមបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក្ដាប់អោយបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងហ្វឹកហាត់សមត្ថភាពខ្លួនជាប្រចាំ ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំនាពេលអនាគត។

នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើឱ្យរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ ស.ស.យ.ក. រួមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងសិក្សាពីវិធីសាស្ត្រ ក៏ដូចជាគំរូដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. ជំនាន់មុន ដើម្បីអាចក្ដាប់បានស្ថានការណ៍ដឹកនាំ ហ្វឹកហាត់សមត្ថភាព និងចូលរួមចំណែកឱ្យបានគ្រប់ជ្រុងជ្រោយ គាំទ្រទាំងផ្នែកស្មារតី និងសកម្មភាព ក្នុងការអនុវត្ត ជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។

គួរបញ្ជាក់ដែរថាមុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍រំលេចអំពីការប្រារព្ធខួប៤៥ ឆ្នាំនៃកំណើត ស.ស.យ.ក. ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងចែករំលែកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញថា ស.ស.យ.ក. មិនត្រឹមតែជាអង្គការចាត់តាំង និងបម្រើផលប្រយោជន៍ជូនសង្គមជាតិនោះទេ ប៉ុន្តែស.ស.យ.ក. នៅគ្រប់កាលៈទេសៈ និងគ្រប់បរិបទក្រោយការរំដោះកម្ពុជា ហើយ គឺជាសាក្សីរស់នៃការវិវត្តសង្គមជាតិពីមួយដំណាក់កាល ទៅមួយដំណាក់កាល របស់ព្រះរាជាណាចក្រកម្ពុជាទី២។