|

ឯកឧត្តម ហ៊ុន ម៉ានី៖ «កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»


នេះជាការអះអាងរបស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម បានលើកឡើងថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។ ឯកឧត្តម បានបន្តថា ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយដែលអាចទទួលបានទាំងអស់គ្នា។

គួរកត់សម្គាល់ ការបង្ហាញពីគោលជំហរបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថានឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្តការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។