ខ្លឹមសារសង្ខេបសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន “តេជោសែន សាធារណការ និងដឹកជញ្ជូន”
នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន “តេជោសែន សាធារណការ និងដឹកជញ្ជូន” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថី៥៩៨ ឬផ្លូវ “ជា សុផារ៉ា” ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន “តេជោសែន សាធារណការ និងដឹកជញ្ជូន”៖
១. សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកនេះ ជាសមយុទ្ធ និងបទពិសោធន៍ សម្រាប់ដំណើរការរៀបចំកម្មវិធីតាមបែបគន្លងថ្មី ឬក្នុងបរិបទកូវីដ១៩។
២. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៤ ខែមេសាខាងមុខ។
៣. សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវមួយចំនួនក្នុងទីតាំងស្ពានអាកាសចោមចៅ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរ។
៤. សម្តេចតេជោនាយករដ្ឋមន្ត្រី រំលឹកទៅដល់ប្រវត្តិសាស្ត្រនយោបាយដែលធ្លាប់កើតមាននៅតាមបណ្តាប្រទេសនានា មិនថាតាមរយៈការបោះឆ្នោត ឬរដ្ឋប្រហារ ក្នុងការផ្លាស់ប្តូររបបមួយៗ រដ្ឋាភិបាលថ្មីតែងតែរក្សាទុកនូវមរតកពីរដ្ឋាភិបាលចាស់។ ដោយឡែកកម្ពុជា ក្រោយរំដោះថ្ងៃ៧មករា កម្ពុជាគ្មានសេសសល់អ្វីទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័នរដ្ឋ ពិសេសធនធានមនុស្ស។
៥. សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងលំបាកបំផុត ក្នុងការប្រមូលធនធានមនុស្ស និងចាត់ចែងរៀបចំក្រសួងស្ថាប័នរដ្ឋឡើងវិញ។
៦. សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា សម្តេចវិបុលបញ្ញា សុខ អាន និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ធ្លាប់ជាអតីតលេខាផ្ទាល់របស់សម្តេច។
៧. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីសេចក្តីសោមនស្សរីករាយ ដោយមើលឃើញនៅតាមក្រសួងស្ថាប័នប្រជុំទៅដោយធនធានមនុស្ស ដែលនេះជាវឌ្ឍនភាពមួយដ៏ប្រសើរ ក្នុងការកែប្រែមុខមាត់ពីប្រទេសដែលខ្វះធនធានមនុស្ស មកជាប្រទេសដែលសម្បូរទៅដោយធនធានមានសមត្ថភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា៖ ធនធានមនុស្សនៅតែដើរតួនាទីយ៉ាងសំខាន់ និងត្រូវតែគិតគូរខ្ពស់សម្រាប់អនាគតកម្ពុជា។
៨. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីវិវឌ្ឍនាការរបស់រាជធានីភ្នំពេញ ពីផ្ទៃដីត្រឹមតែ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង៧០០គីឡូម៉ែត្រក្រឡា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ ការអភិវឌ្ឍទីក្រុងភ្នំពេញកាន់តែធំ ផ្តល់អត្ថប្រយោជន៍ជូនសេដ្ឋកិច្ចជាតិកាន់តែច្រើន។
៩. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីការមិនឯកភាពចំពោះការបិទមុខទឹកនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ សម្តេចក៏ធុញទ្រាន់ចំពោះការលើកឡើងច្រំដែលពីរឿងលុបបឹងនៅក្នុងរាជធានីភ្នំពេញ ពីព្រោះអតីតកាល នៅភ្នំពេញមានបឹងច្រើនណាស់ តែត្រូវបានអ្នកដឹកនាំជំនាន់មុនលុប ដើម្បីបម្រើការអភិវឌ្ឍ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
១០. សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែគោរពចំពោះព្រះបាទអង្គឌួង ដោយទ្រង់បានលះបង់ព្រះកាយ និងព្រះបញ្ញាញាណដើម្បីប្រជាជន និងជាតិមាតុភូមិ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា៖ កម្ពុជានាអតីតកាលស្ទើររលាយបាត់ពីផែនទីពិភពលោក។ នៅអំឡុងឆ្នាំ១៨៤០ប្លាយ កម្ពុជាយើងមានចំនួនប្រជាជនមិនដល់១លាននាក់ផង។
១១. សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកបុគ្គលរូបណាដែលវិភាគមិនផ្អែកលើកត្តាទស្សនៈប្រវត្តិសាស្រ្ត គឺជា៖ ល្ងង់ទូ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ ដើម្បីវាយតម្លៃ និងព្យាករណ៍សភាពការណ៍អ្វីមួយ សម្តេចតែងតែប្រើប្រាស់នូវក្បួនសាស្ត្រផ្អែកលើកត្តាសំខាន់ៗ៣យ៉ាង៖ ទី១. ប្រវត្តិសាស្រ្ត ទី២. វិចារណវិជ្ជា និងទី៣. តក្កវិទ្យា។
១២. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនត្រឹមតែជាមេបញ្ជាការកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិមួយមុខនោះទេ លើសពីនេះសម្តេចគឺជាស្ថាបនិកកងកម្លាំងនេះតែម្តង។ ចលនាតស៊ូរំដោះកម្ពុជាពីរបបខ្មែរក្រហមមានចំនួន៤ភាគី ប៉ុន្តែមានតែភាគីសម្តេចទេ មានកងកម្លាំង។
១៣. សម្តេចតេជោនាយករដ្ឋមន្ត្រី សង្កត់បន្ថែមអំពីនិយមន័យនៃ “នយោបាយឈ្នះៗ” គឺសំដៅត្រឹមតែការបិទបញ្ចប់ភ្លើងសង្គ្រាមដែលកើតមានតាំងតែពីឆ្នាំ១៩៧០មក។
១៤. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងអំឡុងកម្ពុជាកំពុងរងការវាយលុកពីជំងឺកូវីដ១៩ គឺយើងមិនអាចរង់ចាំបានទៀតទេ យើងត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។
១៥. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះ នៅពេលវ៉ាក់សាំងស៊ីណូហ្វាមមកដល់កម្ពុជានៅខែកុម្ភៈខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ ការចាក់វ៉ាក់សាំងនេះ ក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកដែលចង់វិនិយោគ ដោយមិនចាត់ទុកកម្ពុជាជាប្រទេសគ្រោះថ្នាក់ដោយសារកូវីដ១៩។
១៦. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា ម្ជុលនៃដូសទី១ នៃវ៉ាក់សាំងកូវីដ១៩របស់ចិន គឺសម្តេចចាក់មុនគេ ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ជាមួយគ្នានោះសម្តេចនឹងធ្វើសន្និសីទព័ត៌មាននាថ្ងៃនោះដែរ។
១៧. សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា វ៉ាក់សាំងកូវីដ១៩នឹងចាក់ជូនប្រជាពលរដ្ឋបានចំនួន៥០ម៉ឺននាក់ មុនថ្ងៃចូលឆ្នាំខ្មែរមកដល់។ អ្នកប្រមូលសំរាម ក៏ជាអាទិភាពមួយក្នុងការទទួលបាននូវការចាក់វ៉ាក់សាំង។
១៨. សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវឱ្យយើងទាំងអស់គ្នារួមគ្នាការពារ និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដោយអនុវត្តតាមគោលការណ៍ “៣កុំ” និង “៣ការពារ”។
រូបភាព៖ SPM
អត្ថបទ៖ BRANDMEDIA
ខ្លឹមសារទាំងស្រុង៖ SPM