|

ឯកឧត្ដម គីម រិទ្ធី ដឹកនាំមន្រ្តីរាជការរៀបចំយុទ្ធនាការជិះកង់ ដើម្បីលើកស្ទួយបេតិកភ័ណ្ឌជាតិ និងវិស័យទេសចរណ៍ ក្នុងតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ


កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានរៀបចំកម្មវិធីជិះកង់ជុំវិញប្រាសាទកោះកេរ្តិ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងឱកាសខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាមន្ត្រីរាជការនិងក្រុមយុវជន ជាច្រើននាក់ទៀត។

ឯកឧត្ដម គីម រិទ្ធី បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃយុទ្ធនាការជិះកង់ដើម្បីចូលរួមលើកកម្ពស់បេតិកភ័ណ្ឌជាតិ និងវិស័យទេស ចរណ៍ ក៏ដូចជាអបអរសាទរខួបលើកទី២៤ ទិវាយុវជនអន្តរជាតិ១២ សីហា ២០០០-១២ សីហា ២០២៣ ដើម្បីផ្សព្វផ្សាយទៅដល់បងប្អូន សាធារណជន ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិសេសយុវជនទាំងអស់ងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើបេតិកភ័ណ្ឌជាតិ មានប្រាសាទបុរាណល្អឯក ដែលដូនតាខ្មែរយើងបន្សល់ទុកដូចជាប្រាសាទកោះកេរ្តិ៍ ព្រមទាំងបុរាណប្រាសាទជាច្រើនដែលនៅជុំវិញប្រាសាទក្នុងដែនដី ស្រុកគូលែន ខេត្តព្រះវិហារនេះ។

ឯកឧត្តមបន្តថា តាមរយ:សកម្មភាពនេះបានកត់សម្គាល់ឃើញថា យុវជនជាចលករ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ហេតុនេះយុវជនដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញដល់យុវជនដូចគ្នា នេះគឺជាសកម្មភាពមួយ ដែលបានបង្ហាញ អំពីការសាមគ្គីភាព ឆ្លុះបង្ហាញឱ្យឃើញពីស្មារតីសហការល្អរវាងក្រុមការងារយុវជនអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះជាកត្តាមួយជួយជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅក្នុងភូមិសាស្ត្រនេះទៅដល់អ្នកទេសចរជាតិ និងអន្តរជាតិ តាមរយ:ព្រឹត្តិការណ៍និងការងារសង្គមផ្សេងៗ ដើម្បីឱ្យពួកគាត់ចាប់ អារម្មណ៍មកទស្សនាកម្សាន្តនៅតំបន់នេះ។

សូមបញ្ជាក់ថា ការស្ម័គ្រចិត្ដចូលរួមក្នុង កម្មវិធីជិះកង់ ដែលមានយុវជនចូលរួមប្រមាណជាង ២០០នាក់ជុំវិញប្រាសាទកោះកេរ្តិ៍ ដែលមានចម្ងាយ ២០ គីឡូម៉ែត្រ គឺទទួលបាននូវបរិយាកាស ប្រកបដោយស្នាមញញឹមក្តីរីករាយ មួយវិញទៀត គឺដើម្បីជួយដល់សុខភាព ទាំងផ្លូវកាយនឹងផ្លូវចិត្តផងដែរ៕

ប្រភព: AKP