លោក កាំង គីមហាប់ ចែករំលែកបទពិសោធប្រឡងចូលសាលាភូមិន្ទរដ្ឋបាល


លោក កាំង គីមហាប់ មានក្ដីស្រមៃចង់ក្លាយជាមន្ត្រីរាជការតាំងពីនៅតូច។ គីមហាប់ តែងយកចិត្តទុកដាក់លើការរៀនសូត្រ និងខិតខំប្រឹងប្រែងដើរតាមគោលដៅដែលបានគ្រោងទុក។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ លោកបានបន្ត ថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ដោយក្ដីស្រលាញ់ការងារជាមន្ត្រីរាជការ លោក កាំង គីមហាប់ បានខិតខំជម្នះ រាល់ឧបសគ្គទាំងឡាយ មកដាក់ពាក្យប្រឡងចូលជាសិស្សមន្រ្តីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាលកាលពីចុងឆ្នាំ២០១៩ ហើយទទួលបានជោគជ័យជាស្ថាពរនៅក្នុងការប្រឡង។ សព្វថ្ងៃ លោក កាំង គីមហាប់ គឺជាសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ ជំនាញរដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល។

«ការខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់ គឺជាកត្តាសំខាន់ ជំរុញឱ្យខ្ញុំអាចធ្វើឱ្យក្ដីសុបិនក្លាយជាការពិត», លោកបានបញ្ជាក់យ៉ាងដូច្នេះ។

លោក កាំង គីមហាប់ បន្តរៀបរាប់ទៀតថា មុននឹងក្លាយជាសិស្សមន្រ្តីនៅទីនេះ គេត្រូវឆ្លងកាត់ការប្រឡងដែលបែងចែកចេញជាបីដំណាក់កាល រួមមាន ការប្រឡងពហុជ្រើសរើសនិងភាសាអង់គ្លេស ការប្រឡងសរសេរទូទៅ និងការសម្ភាស។ ចំពោះដំណាក់កាលទីមួយ គឺត្រូវបានរៀបចំជាកម្រងសំណួរចំនួន១០០សំណួរ ដោយរួមបញ្ចូលនូវចំណេះដឹងទូទៅ ប្រវត្តិសាស្រ្ត វប្បធម៌ ការទូត ច្បាប់ និងរដ្ឋបាលសារធារណៈ។ រីឯដំណាក់កាលទីពីរ គឺជាប្រឡងសរសេរអត្ថាធិប្បាយនូវប្រធានបទទូទៅមួយនិងមុខជំនាញមួយ។ ដោយឡែក សម្រាប់ដំណាក់កាលចុងក្រោយវិញ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការសម្ភាស មុននឹងបានក្លាយជាសិស្សមន្ត្រីនៅទីនេះ។

លោក កាំង គីមហាប់ បានបញ្ជាក់ថា៖«នៅមុនការប្រឡងមកដល់ ខ្ញុំបានព្យាយាមអានឯកសារពាក់ព័ន្ធនឹងការប្រឡងជាច្រើន និងបានសុំចែករំលែកបទពិសោធពីរៀមច្បង ដើម្បីធ្វើយ៉ាងណា រៀបចំខ្លួនឱ្យបានល្អបំផុតសម្រាប់ការប្រឡង។»

សម្រាប់ លោក កាំង គីមហាប់ ដើម្បីទទួលបានជោគជ័យនៅក្នុងការប្រឡងទាំងបីដំណាក់កាល លោកព្យាយាមអានឯកសារជាច្រើន ដែលពាក់ព័ន្ធនឹងនីតិវិធីច្បាប់រួមមានកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលដូចជា កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ លោកក៏បានអានឯកសារបើកទូលាយផ្សេងៗទៀតដូចជា ផែនការអភិវឌ្ឍជាតិ យុទ្ធសាស្រ្តចតុកោណជាដើម។ លោកថា ជារួមបេក្ខជនចាំបាច់ត្រូវស្វែងយល់អំពីការងាររដ្ឋបាលឱ្យបានទូលំទូលាយ និងត្រូវពង្រឹងជំនាញភាសាអង់គ្លេសឬបារាំងឱ្យបានល្អប្រសើរ ទើបអាចទទួលបានលទ្ធផលល្អនៅក្នុងការប្រឡង។

ការប្រឡងមានការប្រកួតប្រជែងខ្ពស់ និងមានភាពលំបាកខ្លាំង។ មិនខុសប្លែកពីសិស្សដទៃ លោក កាំង គីមហាប់ ក៏មានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភខ្លះដែរ ទោះបីជាបានត្រៀមខ្លួនខ្លះហើយក៏ដោយ។ សិស្សមន្ត្រីជាន់ខ្ពស់រូបនេះ បានរំព្ញកថា៖«ខ្ញុំមានអារម្មណ៍ភ័យខ្លាចតិចតួចអំឡុងការប្រឡង ប៉ុន្តែដោយសារយើងបានត្រៀមខ្លួនច្រើនខ្លះដែរហើយ ទើបអាចធ្វើបានល្អនៅក្នុងការប្រឡង។»

លោក គីមហាប់ បានបន្តយ៉ាងដូច្នេះថា រាល់សំណួរនៅក្នុងការប្រឡងភាគច្រើន ពាក់ព័ន្ធនឹងឯកសារដែលលោកបានរៀនត្រៀមនៅមុនការប្រឡង ដូច្នេះវាហាក់មិនសូវជាមានបញ្ហាចោទប៉ុន្មានឡើយ។ ប៉ុន្តែសម្រាប់ការសម្ភាសដែលជាដំណាក់កាលចុងក្រោយវិញ លោក មានការប្រុងប្រយ័ត្នខ្លាំងនិងព្យាយាមធ្វើឱ្យបានល្អបំផុត ដើម្បីប្រកួតប្រជែងនឹងបេក្ខជនផ្សេងទៀត។

គួរបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលមានការជ្រើសរើសសិស្សមន្ត្រីសម្រាប់ការបណ្ដុះបណ្ដាលជាពីរប្រភេទគឺ ការបណ្ដុះបណ្ដាលបន្ថែមសម្រាប់មន្ត្រីដែលជាប់ក្របខណ្ឌហើយ និងការបណ្ដុះបណ្ដាលសិស្សមន្ត្រីដំណាក់កាលដំបូង។ ក្នុងនោះការជ្រើសរើសសិស្សមន្រ្តីដំណាក់កាលដំបូងក៏ត្រូវបានបែងចែកជាពីរប្រភេទដូចគ្នាគឺ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ។

សម្រាប់អ្នកដែលមានសិទ្ធប្រឡងចូលជាមន្ត្រីជាន់ខ្ពស់ជំនាញរដ្ឋបាលសារធារណៈបាន ត្រូវមានបរិញ្ញាបត្រផ្នែកច្បាប់ សេដ្ឋកិច្ចឬហិរញ្ញវត្ថុ និងជំនាញភាសាអង់គ្លេសឬបារាំងជាចាំបាច់។ ដោយឡែកសម្រាប់អ្នកដែលមានបរិញ្ញាបត្រលើជំនាញផ្សេងវិញ ក៏អាចមានសិទ្ធប្រឡងបានដូចគ្នា ប៉ុន្តែត្រូវប្រឹងប្រែងខ្លាំងជាងអ្នកដែលមានចំណេះដឹងជាមូលដ្ឋានស្រាប់៕

អត្ថបទ៖ យុវជនស្ម័គ្រចិត្តប្រេនបូឌា​ Ngay Nai