|

រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្ពុជាកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា  បដិវត្តឧស្សាហកម្មជំនាន់ទី៤  និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត


ថ្លែងក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២៣ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ  ហង់ជួន  ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំ  យុវជន  និងកីឡា  បានគូសបញ្ជាក់ថា  ការត្រឹមតែមានចំណេះដឹងតែម្យ៉ាង  មិនគ្រប់គ្រាន់នោះទេ  ធនធានមនុស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា  បំណិនសម្បទា  និងចរិយាសម្បទា  ដេីម្បីក្លាយជាពលរដ្ឋល្អ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា «ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា  បដិវត្តឧស្សាហកម្មជំនាន់ទី៤  និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត។ល។»

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអបអរសាទរជាមួយជ័យលាភីទាំង ៦០រូបជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លងកាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិស្សពូកែ។

សូមជម្រាបថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បានដំណើរការអស់រយៈពេល ១សប្តាហ៍កន្លង  ដែលមានសិស្សចូលរួមប្រឡងចំនួន៤៨០នាក់៕

ប្រភព៖ MoEYS Cambodia