ក្រុមហ៊ុន Google បង្ហាញជំហរចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា
ថ្មីៗនេះ ពិភពលោកបានទទួលស្គាល់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតមួយ ជាមួយនឹងការកើនឡើង GDP រហូតដល់ ៧៥ពាន់លានដុល្លារ។ លទ្ធផលជាវិជ្ជមាននេះ បានបើកផ្លូវសម្រាប់ការវិនិយោគ នាំមកនូវទំនើបកម្មដ៏សម្បូរបែបសម្រាប់កម្ពុជា និងជាពិសេសលើផ្នែកឌីជីថល ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនាយុគសម័យបច្ចុប្បន្ន។
ជាក់ស្ដែង កិច្ចអភិវឌ្ឍ មិនអាចកាត់ផ្ដាច់ចេញពីបច្ចេកវិទ្យាទំនើបបានឡើយ។ ដោយសម្លឹងឃើញពីសម្ទុះរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Google បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។ ក្នុងជំនួបជាមួយឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Yves Gonzalez បានលើកឡើងអំពីគោលបំណងក្នុងការស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុន Google បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វើការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុក ដើម្បីជួយគាំទ្រលើសំណើបន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ជួយរៀបចំគោលនយោបាយ Cloud First Policy ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និងពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ ជុំវិញកិច្ចសហប្រតិបត្តិការដ៏ប្រសើរនេះ កម្ពុជាមានសុទិដ្ឋិនិយមថា Google នឹងជួយជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍