| |

គំរូល្អ! ប្រជាពលរដ្ឋក្រុងព្រះសីហនុ សហការបើកផ្លូវជាលក្ខណៈប្រព័ន្ធ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមកករណីមានអគ្គិភ័យ ឬឧបទ្ទវហេតុផ្សេងៗក្នុងតំបន់


ថ្មីៗនេះ យោងតាមរដ្ឋបាលក្រុងព្រះសីហនុ បានបង្ហាញនូវរូបភាពមួយចំនួន ដែលប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវ(ម្តុំក្រោយសាលាសង្កាត់លេខ៤) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរួមសហការ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុង ដើម្បីបើកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ សម្រួលដល់ការធ្វើដំណើរ ទៅមក និងសង្គ្រោះបន្ទាន់ករណីមានអគ្គីភ័យ ឬឧបទ្ទវហេតុ ផ្សេងៗក្នុងតំបន់នោះ។

តាមរយៈការចូលរួមសហការនេះ បានបង្ហាញពីទឹកចិត្ត និងស្មារតីចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋ ក្នុងការរួមចំណែកគាំទ្រសេវាសង្គម ក៏ដូចជាបម្រើប្រយោជន៍ជូនសង្គមជាតិ ដោយហេតុថា «ការអភិវឌ្ឍ អាចធ្វើទៅបាន ចាំបាច់ណាស់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ»។ នេះបើតាមការលើកឡើងរបស់លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ជុំវិញបញ្ហានេះ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏បានសម្ដែងការថ្លែងអំណរគុណចំពោះទឹកចិត្តម្ចាស់ផ្ទះ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការបើកផ្លូវតាមប្លង់លក្ខណៈប្រព័ន្ធ ក្នុងគោលដៅជំរុញការអភិវឌ្ឍទីក្រុងព្រះសីហនុឱ្យកាន់តែប្រសើរឡើងថែមទៀត៕