|

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ភាគរយ ស្មើនឹង ២ ៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លារ


ោងទៅតាមរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារគ្រប់គ្រងការប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២២ បានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំពេញបេសកកម្មដោយជោគជ័យ ក្នុងការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់ និងលើសផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤ភាគរយ ទទួលទឹកប្រាក់ពន្ធចំនួន ១៣,៩៩៣,២០ ប៊ីលានរៀល ស្មើនឹងប្រមាណ ៣ ៤៥៥,១១ លានដុល្លារអាមេរិក។

ចំណូលនេះ គឺជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា ដោយប្រមូលបានលើសផែនការកំណត់ចំនួន ២២,៥៤ភាគរយ ស្មើនឹង ២ ៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លារ។ បើធៀបទៅនឹងឆ្នាំ២០២១ តួលេខមានការកើនឡើង ២៣,៩៦ភាគរយ ស្មើនឹង ២ ៧០២,៧៣ ប៊ីលានរៀល ប្រមាណ ៦៦៧,៣៤ លានដុល្លារអាមេរិក។

ចំពោះលទ្ធផលជាទីគាប់ប្រសើរនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក៏ដូចជារួមចំណែកក្នុងការនាំមកនូវវឌ្ឍនភាពដល់កម្ពុជា អំឡុងពេលដែលពិភពលោកបាន និងកំពុងប្រឈមនឹងភាពតានតឹងផ្នែកនយោបាយ និងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលដែលសម្រេចបាននេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់។ ជាពិសេស ស្ថិតក្រោមការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនានា ដើម្បីជំរុញឱ្យមានប្រក្រតីភាព និងអនុញ្ញាតឱ្យយើងមានលទ្ធភាពដំណើរឡើងវិញនូវសង្គម សេដ្ឋកិច្ច បន្ទាប់ពីទទួលផលប៉ះពាល់ពីកូវីដ-១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិស័យនេះ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ