សមិទ្ធផលថ្មីកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកនេះ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ មានការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមទាំងមន្ត្រីពាក់ព័ន្ធ និងសិស្សានុសិស្សសរុបប្រមាណ៥០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការកោតសរសើរចំពោះកីឡដ្ឋានដ៏ស្កឹមស្កៃ ប្រកបដោយប្រណីតភាព និងទំនើបនេះ។
នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តកំពង់ស្ពឺក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តផង និងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡដ្ឋាននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដ្ឋាននេះ ក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលកីឡាករក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពល។
ដោយ៖ BRANDMEDIA