លតឆា កម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអាហារតាមចិញ្ចើមផ្លូវដែលល្អបំផុតនៅអាស៊ី


ក្រៅពីប្រាសាទបុរាណ​ រមណីដ្ឋានធម្មជាតិ​ របាំ តន្ត្រី ជនជាតិខ្មែរមានម្ហូបអាហារ ដែលជាផ្នែកមួយនៃវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណនៃសម្រាប់ជាតិ។ តាយរយៈឱជារសនៃអាហារ និងរចនាបថដ៏ប្រណីតបានក្លាយជាចំណែកដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីលក្ខណៈពិសេសយ៉ាងសម្បូរបែបរបស់កម្ពុជាយើង ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ឱ្យហើយជាប់ចិត្ត ចងចាំ និងចូលចង់មកទស្សនាកម្សាន្ត។

ដោយឡែកថ្មីៗនេះ យោងតាមទិន្នន័យរបស់ CNN Travel បានបង្ហាញពីមុខម្ហូបតាមចិញ្ចើមផ្លូវទាំង៥០មុខ ដែលត្រូវបានរាប់បញ្ចូលជាអាហារដែលល្អបំផុត និងគួរសាកល្បង ចំពោះគំរូនៃម្ហូបអាហារក្នុងតំបន់នីមួយៗ។ ក្នុងនោះ លតឆា ត្រូវបានចាត់ទុកជាអាហារដ៏គួរឱ្យចាប់អារម្មណ៍ និងមានប្រជាប្រិយភាពសម្រាប់បំផុតនៅអាស៊ី ក្នុងចំណោមមុខម្ហូបទាំង៥០មុខទៀត នៃប្រទេសក្នុងតំបន់។

វាជាប្រភេទអាហារ ដែលជាធម្មតាត្រូវបានលក់តាមរទេះរុញនៅតាមផ្សារ និងតាមចិញ្ចើមផ្លូវ ដោយមានសរសៃគុយទាវខ្លីៗ ជាមួយខាត់ណា សណ្ដែកបណ្ដុះ ជាមួយសាច់គោ រួមជាមួយទឹកជ្រលក់ដែលមានរសជាតិជូរ និងកម្រិតគ្រឿងទេសបែបខ្មែរសម្រាប់បន្ថែមឱជារសឱ្យកាន់តែជាប់មាត់។

ជាមួយនឹង រសជាតិឆ្ងាញ់ តម្លៃសមរម្យ ភ្ញៀវទេសចរអាចរកអាហារមួយប្រភេទនេះបានស្ទើតែគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ និងទីកន្លែងផ្សេងទៀត។ ដូច្នេះ នេះក៏ជាឱកាសមួយសម្រាប់អាជីវករក្នុងការបង្ហាញស្នាដៃ និងផ្សព្វផ្សាយអំពីបទពិសោធន៍នៃការទទួលទានលតឆា ទៅកាន់ភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន។

ដោយ៖ ផា​ត់ គឹមឆែ
ប្រភព៖ CNN
រូបភាព៖ Menghour’s Kitchen