សារពីឯកឧត្តម ហ៊ុន ម៉ានី ផ្ដាំទៅយុវជនជំនាន់ក្រោយ៖ «ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា»


«កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ។ មាគ៌ាជីវិតត្រូវឆ្លងកាត់ការសាកល្បងសព្វបែបយ៉ាង ទោះអ្នកណាថាអ្វីក៏ថាចុះ យើងត្រូវតែខិតខំប្រឹងប្រែង តស៊ូដើម្បីសម្រេចក្តីស្រមៃ  និងបំណងប្រាថ្នារបស់យើង ។ កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា»។

ឯកឧត្តម ហ៊ុន ម៉ានី

នេះជាសារពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ផ្ដាំទៅយុវជនជំនាន់ក្រោយ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០ នាក់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តើមកិច្ចសំណេះសំណាលជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសការគាំទ្រយ៉ាងផុសផុលពីវិស័យអប់រំផងដែរ។ លោកគ្រូ អ្នកគ្រូ គរុសិស្ស បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសមត្ថភាព គរុកោសល្យ ក្នុងដំណាក់កាលចុងក្រោយនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយត្រូវជំនះឧបសគ្គនៃហានិភ័យពីជំងឺឆ្លងផង និងស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីបន្តការបង្រៀនសិស្សតាមបែបបទគន្លងថ្មីផង។

ឯកឧត្តមបន្តថា បេសកកម្មរបស់គណៈកម្មការគឺការស្វែងយល់ពីការអនុវត្តគោលនយោបាយ និងវិស័យអប់រំ ដែលទាមទារឱ្យចុះជួបផ្ទាល់ជាមួយប្រតិបត្តិករជាក់ស្តែង អំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះ។

ឯកឧត្តមបានលើកឡើងបន្តថា ឯកឧត្តមផ្ទាល់ក៏ទទួលបានចំណេះដឹង និងសមត្ថភាពដូចបច្ចុប្បន្ន ក៏ដោយសារបានការអប់រំពីគ្រូបង្រៀន។ ដូច្នេះហើយ ឯកឧត្តមបានផ្តាំផ្ញើទៅកាន់ប្អូនៗគរុសិស្សឱ្យចងចាំនូវគុណបំណាច់នៃការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ហើយនឹងត្រូវមានមោទនភាពចំពោះតួនាទីរបស់ខ្លួនដែលនឹងក្លាយជាគ្រូបង្រៀននាពេលអនាគតផងដែរ។

នាឱកាសនោះ ឯកឧត្តមក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីការសិក្សារៀនសូត្ររបស់ឯកឧត្តម ដែលសុទ្ធសឹងជាចំណេះដឹង និងបំណិនល្អសម្រាប់ការរៀបចំជីវិតសិក្សា និងការងារសម្រាប់ប្អូនៗជាគរុសិស្សផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យប្អូនៗត្រូវមានជនឿជាក់លើខ្លួនឯង និងត្រូវគិតថាភាពជោគជ័យរបស់យើងម្នាក់ៗគឺជាជោគជ័យសម្រាប់ប្រទេសជាតិផងដែរ៕

ប្រភព៖ គណៈកម្មការទី៧ នៃរដ្ឋសភា- Commission 7 of the National Assembly, Hun Many