កម្ពុជាដើរតួនាទីសំខាន់ក្នុងការរក្សាភាពជាកណ្តាល និងសាមគ្គីភាពអាស៊ាន ចំពេលមានបញ្ហាប្រឈមជាសកល និងភាពមិនច្បាស់លាស់ក្នុងតំបន់


២០២២ ជាឆ្នាំដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្របខណ្ឌអាស៊ាន ​នៅរាជធានីភ្នំពេញ​ ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិក និងប្រទេសជាដៃគូអាស៊ានផងដែរ។

ដោយឡែក ប្រទេសជាសមាជិកអាស៊ានមួយ ដែលត្រូវអវត្តមានក្នុងកិច្ចប្រជុំដ៏សំខាន់នៅសប្ដាហ៍នេះ គឺប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំយោធានៃប្រទេសនេះ បានបដិសេធសំណើរក្នុងការបញ្ជូនអ្នកតំណាងដែលមិនមែនជារបបយោធាមកជំនួសវិញ។ អវត្តមានរបស់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំនេះ ក៏ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់ ជុំវិញការប្រហារជីវិតសកម្មជនមីយ៉ាន់ម៉ាចំនួន៤រូប បើទោះបីជាប្រធានអាស៊ានាបានស្នើសុំឱ្យធ្វើការពិចារណាឡើងវិញលើសេចក្ដីសម្រេចនេះក៏ដោយ។ ទង្វើរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យសមាជិកអាស៊ានមានការខកចិត្តយ៉ាងខ្លាំង។

យ៉ាងណាមិញ កិច្ចពិភាក្សានេះ នឹងលើកឡើងអំពីវិធីជំរុញការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន និងដោះស្រាយបញ្ហាប្រឈមរួមគ្នា និងអាទិភាពក្រោមការដឹកនាំរបស់កម្ពុជាក្នុងអាស៊ានឆ្នាំនេះ ក៏ដូចជាសារៈសំខាន់នៃការរក្សាភាពជាកណ្តាល និងសាមគ្គីភាពអាស៊ាន ចំពេលមានបញ្ហាប្រឈមជាសកល និងភាពមិនច្បាស់លាស់ក្នុងតំបន់។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងតាមដានការអនុវត្តការឯកភាព៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងផ្លាស់ប្តូរទស្សនៈ  លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ជាពិសេសបញ្ហាដែលកើតចេញពីជំងឺរាតត្បាត Covid-១៩ និងភាពតានតឹងជុំវិញពិភពលោក ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយដៃគូសន្ទនាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនានាដែលពាក់ព័ន្ធ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Ministry of Foreign and International Cooperation-Cambodia, Devdiscourse, National Thailand